ប្រជាជនមីយ៉ាន់ម៉ារាប់សែននាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មអហិង្សា ដើម្បីទាមទារឲ្យមានការដោះលែង អ្នកស្រី អ៊ុង សានស៊ូជី ពីការចាប់ឃុំឃាំងជាច្រើនថ្ងៃ ពីសំណាក់ពួកយោធាផ្តាច់ការ និងស្នើឲ្យប្រគល់អំណាចទៅឲ្យ លោកស្រី ស៊ូជីវិញ។ រហូតមកទល់ពេលនេះ លោកស្រីស៊ូជី ត្រូវបានចាប់ឃុំខ្លួនអស់រយៈពេល ១៥ថ្ងៃ បន្ទាប់ពីរដ្ឋប្រហារយោធា ជំទាស់ទៅនឹងលទ្ធផលបោះឆ្នោត ដែលលោកស្រីស៊ូជី ឈ្នះភ្លូកទឹកភ្លូកដី កាលពីអំឡុងខែវិច្ឆិកា ២០២០ កន្លងទៅ។
ស្ថានភាពនៅមីយ៉ាន់ម៉ាសព្វថ្ងៃនេះ គឺពួកបាតុករនៅតែបន្តការតវ៉ា គ្រាន់តែរាងថមថយជាងមុនបន្ដិច ចំណែកឯខាងពួកយោធាវិញនៅតែបន្តដាក់កម្លាំងទប់ស្កាត់នៅឡើយ។ គេមើលឃើញថា នៅតាមបណ្តាក្រុងមួយចំនួនមានការដាក់នូវរថក្រោះពាសពេញផ្លូវ ដោយក្រុមយោធាបានបញ្ជាក់ច្បាស់ហើយថា ដាច់ខាតត្រូវតែដាក់ប្រទេសនៅក្នុងគ្រាអាសន្ឋរយៈពេល ១ឆ្នាំ។
បើតាមទីភ្នាក់ងារសារព័ត៏មាន Reuters បានឲដឹងផងដែរថា តាមការបញ្ជាក់ពីមេធាវីរបស់លោកស្រី អ៊ុង សានស៊ូជី ផ្ទាល់ បើមិនមានការប្រែប្រួលទេ លោកស្រី អ៊ុង សានស៊ូជី នឹងត្រូវបានដោះលែងឲ្យមានសេរីភាពវិញនៅរយៈពេល ២ថ្ងៃទៀត។
គួរបញ្ជាក់ផងដែរថា ប្រទេសមីយ៉ាន់ម៉ា ក្នុងអតីតកាលត្រូវបានគ្រប់គ្រងដោយពួកយោធារាប់ទស្សវត្សរ៍មកហើយ ទើបតែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេ ដែលប្រទេសនេះចាប់ផ្តើមមានលទ្ធិប្រជាធិបតេយ្យ ដោយប្រជាជនអាចជ្រើសរើសមេដឺកនាំ ដែលពួកគេពេញចិត្តបានតាមរយៈការបោះឆ្នោតជាសកល និងសេរី៕