ព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២១ លោក ជាំង វ៉ៃ JIANG WEI  ប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ ចូលជួបសម្តែងការគួសមជាមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក នាយកទីចាត់ការសាធារណ: និងកិច្ចសហប្រតិ បត្តិការអន្តរជាតិ  ។

ឯកឧត្តម គួច ចំរើន បានទទួលស្វាគមន៍ប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ និងជំរាបជូនពីសក្តានុពលរបស់ខេត្ត មានចំងាយពីរាជធានីភ្នំពេញ ២៣០គីឡូម៉ែត្រ (ផ្លូវជាតិលេខ៤) មាន ២ក្រុង និង ៣ស្រុក ២៩ឃុំសង្កាត់ និង ១១១ភូមិ មានប្រជា ជន ៣០ម៉ឺននាក់ មានកោះ៣២ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូ ម៉ែត្រ ប្រជាពលរដ្ឋប្រកបរបរនេសាទ ខេត្តស្ថិតនៅទិសនារតីនៃប្រទេសកម្ពុជា ខេត្តព្រះសីហនុស្ថិតនៅក្នុងចំណោមប៉ូល៣ នៃព្រះរាជាណាចក្រកម្ពុជា មានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ។

ឯកឧត្តម អភិបាលខេត្តបន្តថា ខេត្តព្រះសីហនុ មានកំពង់ផែអន្តរជាតិទឹកជ្រៅ មានទំនិញចេញ-ចូលឆ្លងកាត់ ៧០ភាគរយនៃទំនិញនៅទូទាំងប្រទេស រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច កន្លងមករាជរដ្ឋាភិបាលកម្ពុជា មានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន កសាងអភិវឌ្ឍកំពង់ផែទឹកជ្រៅតំណាក់កាលទី១ និងទី២ សម្រាប់នាវាដែលមានជម្រៅទឹក ១៣,៥០ ម៉ែត្រ ចូលចតផ្តល់ឱកាសប្រកួតប្រជែងតម្លៃដឹកជញ្ជូនផ្លូវសមុទ្រ ។ រាជរដ្ឋាភិបាលគ្រោងនឹងអភិវឌ្ឍន៍កំពង់ផែតំណាក់កាលទី៣ និងទី៤ ឱ្យនាវាមានជម្រៅទឹក ១៨ម៉ែត្រ ធ្វើចរាចរណ៍តាមសមុទ្រចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយតម្លៃនៃការដឹកជញ្ជូនមានតម្លៃថោក ជាឱកាសដល់អ្នកវិនិយោគបង្កើនកំណើនការងារប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ។ ខេត្តមានព្រលានយន្តហោះអន្តរជាតិ មានផ្លូវរត់ ៣,៤០០ម៉ែត្រ អាចឱ្យយន្តហោះធន់ធំចុះចតបាន ក្រុមហ៊ុនកំពុងតែជំរុញសាងសង់ស្ថានីយអ្នកដំណើរ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២២ ។ ខេត្តមានផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ មកខេត្តព្រះសីហនុ សម្រេចការសាងសង់បានជាង ៣០ភាគរយ គ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២២ ។ ខេត្តមានផ្លូវដែកតភ្ជាប់ទៅកាន់រាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ក៍ប៉ុន្តែវាមិនទាន់ឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍរបស់កម្ពុជា។

ឯកឧត្តមសង្ឃឹមថា លោកប្រធានការិយាល័យកុងស៊ុលចិន ជួយរកដៃគូរជម្រុញការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា ព្រោះផ្លូវដែកនៅប្រទេស ចិនឈរលំដាប់លេខ១ ម្យ៉ាងការដឹកជញ្ជូនតាមផ្លូវដែកមានតម្លៃទាប កាត់បន្ថយគ្រោះថ្នាក់ និងការខូចខាតផ្លូវជាដើម ផ្លូវដែកក៍បានចូលរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចនៅកម្ពុជាផងដែរ ។

លោក ជាំង វ៉ៃ JIANG WEI ប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ លោកបានមកចូលឆ្នាំចិននៅខេត្តព្រះសីហនុ ហើយក៍បានជួបឯកឧត្តមអភិបាលខេត្ត ហើយថ្ងៃនេះមានសេចក្តីរីករាយដែលយើងបានធ្វើកិច្ចការធំជាមួយអភិបាលខេត្តនាពេលនេះ។ ខេត្តព្រះសីហនុ ជាខេត្តគំរូដែលមានសក្តានុពលជាងខេត្តផ្សេងៗទៀត  និងជាខេត្តបងប្អូនល្អជាមួយប្រទេសចិន តាងនាមខ្ញុំតំណាងប្រទេសចិន និងប្រជាជនចិន  និងបន្តកិច្ចសហការឱ្យទទួលបានជោគជ័យ ។ លោកឃើញខេត្តព្រះសីហនុមានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធយ៉ាងលឿន ដោយសារស្ថានភាពនយោបាយ ការសហការល្អរវាងប្រទេសទាំងពីរ ទោះបីពេលវេលាដ៍លំបាកដោយសាជំងឺកូវីដ -១៩ ក៍យើងនៅតែបន្តកិច្ចសហប្រតិបត្តិការល្អ ហើយប្រទេសចិនបានផ្តល់ជំនួយវ៉ាក់សាំងមកកម្ពជា ។

ក្នុងឱកាសនោះ លោកបានបន្តថា ប្រទេសចិនគាំទ្រពេញទំហឹងខេត្តព្រះ សីហនុ និងកិច្ចសហប្រតិបត្តិការជួយជម្រុញការសាងសង់មន្ទីរពេទ្យនៅខេត្តព្រះសីហនុ ក៍ដូចជាម៉ាស៊ីនវិភាគជំងឺរកមេរោគកូវីដ- ១៩ ទន្ទឹមនោះយើងត្រូវពង្រីកវប្បធម៌ អរិយធម៌ ពិសេសការទំនាក់ទំនងរវាងប្រជាជន និងប្រជាជនទាំងពីរ គាំទ្រភាពជាបងប្អូន និងបន្តជម្រុញអ្នកវិនិយោគចិនមកខេត្តព្រះសីហនុ ដើម្បីកំណើនការងារសម្រាប់ប្រជាជនខេត្តព្រះសីហនុ និងសន្យាគាំទ្រការបណ្តុះបណ្តាលភាសារចិននៅខេត្តព្រះ សីហនុផងដែរ  ៕