បន្ទាយមានជ័យ ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនបុរសម្នាក់ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងាររង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា៖ នៅវេលាម៉ោង១១និង១៣នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលស្រុកស្វាយចេក បានធ្វើការឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ប៉ា សាមិត្រ អាយុ៣២ឆ្នាំ រស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងនាំពលរដ្ឋខ្មែរ ២នាក់ប្តីប្រពន្ធ បម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រង់ចំណុចភូមិល្បើកស្វាយ (ដំណាក់កកោះ) ឃុំស្វាយចេក ស្រុកស្វាយចេក តាមរយៈមេខ្សល់ ឈ្មោះ ប៊ុន ណយ ហៅ ទ្រី ភេទប្រុស រស់នៅភូមិចំការគ ឃុំស្វាយចេក ក្នុងតម្លៃ៤.០០០បាត ក្នុង០១នាក់ ដល់គោលដៅទើបប្រគល់លុយ ។
លោកស្រីឧត្តមសេនីយ៍ ឌី សុជាតិ បានបញ្ជាក់ទៀតថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះដែរ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ បានជួបប្រទះពលរខ្មែរ ចំនួន០៥នាក់(ប្រុស) មកពីខេត្តកំពង់ធំ នៅចំណុចរង្វង់មូលបឹងត្រកួន ក្នុងភូមិសាស្ត្រ ភូមិបន្ទាយមានរឹទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ពេលសួរនាំពួកគេប្រាប់ថាទៅប្រទេសថៃ ហើយបានធ្វើការឃាត់ខ្លួន និងផ្តល់ព័ត៌មានឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក មកទទួលយក ។ ចំពោះពលករទាំង ០៥នាក់ និង០២នាក់ប្តីប្រពន្ធ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យសម្តេចឪ នៅក្រុងសិរីសោភ័ណ ល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះផងដែរ ៕