អាជ្ញាធរខេត្តកណ្ដាល ជំរុញឱ្យអាជ្ញាធរស្រុកស្អាង និងមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្ត ស្វែងរកទីផ្សារបន្លែជូនបងប្អូនប្រជាកសិករ នៅក្នុងឃុំស្វាយប្រទាល និងចិញ្ចឹមមាន់នៅឃុំស្អាងភ្នំ

383

ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់អាជ្ញាធរស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ ពិសេសមន្ទីរកសិកម្មខេត្តកណ្ដាល ត្រូវស្វែងរកទីផ្សារជូនបងប្អូនប្រជាកសិករនៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវចុះទៅបណ្ដុះបណ្ដាលដល់បងប្អូនប្រជាកសិករ នៅសហគមន៍ អំពីវិធីសាស្ត្របច្ចេកទេសក្នុងការដាំបន្លែ ការសម្លាប់សត្វល្អិតចង្រៃ និងការចិញ្ចឹមមាន់ ។

ឯកឧត្តមបណ្ឌិតប្រធានក្រុមប្រឹក្សាខេត្ត ជំរុញបែបនេះក្នុងឱកាសអញ្ជើញដឹកនាំប្រតិភូ ទស្សនកិច្ចសិក្សាស្វែងយល់ការដាំបន្លែ របស់សហគមន៍កសិកម្មស្វាយប្រទាលក្នុងក្ដីសង្ឃឹម នៅឃុំស្វាយប្រទាល និងបណ្ដុំអាជីវកម្មមាន់ស្អាងភ្នំ នៅឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

ឯកឧត្តមបណ្ឌិតប្រធានក្រុមប្រឹក្សាខេត្ត បន្តថា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ អាជ្ញាធរស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំផែនការក្នុងការដាំដុះដំណាំ និងការចិញ្ចឹមសត្វ ស្វែងរកធាតុចូលរួមមានគ្រាប់ពូជ  ថ្នាំសំលាប់សត្វល្អិត និងឧបករណ៍ផ្សេងៗ ជាងនេះទៅទៀតត្រូវសម្របសម្រួលស្វែងរកទីផ្សារជូនបងប្អូនប្រជាកសិករនៅក្នុងសហគមន៍ ដោយធ្វើការគៀងគរកក្រុមហ៊ុននានា ដើម្បីទិញនូវកសិផលរបស់បងប្អូនប្រជាកសិករផលិតបាននៅក្នុងសហគមន៍។

លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្មខេត្តកណ្ដាល បានឱ្យដឹងថា នៅទូទាំងស្រុកស្អាងមាន ផ្ទៃដីដាំបន្លែចំនួន៨១៦៩ហិកតា មានសហគមន៍ចំនួន ១២សហគមន៍ ដែលក្នុងមួយថ្ងៃស្រុកស្អាងអាចផលិតបន្លែជាមធ្យមបានចំនួន ១១៥តោន។ ក្នុងនោះដែរ និងបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ស្អាងភ្នំ អាចផលិតមាន់សាច់ក្នុងមួយខែជាមធ្យមបានចំនួន ១៩៥០គីឡូក្រាម សម្រាប់កូនមាន់ក្នុងមួយខែអាចភ្ញាស់បានបានចំនួន ១៥០០កូន ហើយកូនមាន់ដែលទើបនឹងញាស់រួចអាចលក់ចេញបានក្នុងមួយកូន ៣៥០០៛ ហើយកូនមាន់ដែលមានអាយុចាប់ពី ២១ ថ្ងៃឡើងទៅអាចលក់ចេញបានតម្លៃចាប់ពី ៥០០០រៀល ទៅ៥៥០០រៀល ក្នុងមួយក្បាល៕