ឡានដឹកខ្សាច់ខ្នាតយក្សសម្រុកដឹកចេញពី ឃុំព្រែកគយ ទៅតំបន់ព្រលានយន្តហោះថ្មី កំពុងអង្រួនទ្រូងផ្លូវ និងទ្រូងប្រជាជន អោយគ្រាំគ្រា ក្នុងស្រុកស្អាង

526

ខេត្តកណ្តាល : ក្រុមឡានដឹកខ្សាច់ ចេញពីដេប៉ូ ជាច្រើនកន្លែង នៅក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បានបង្កភាពភ័យខ្លាចដល់អ្នកធ្វើដំណើរ និង ការបំផ្លាញផ្លូវ ២១បេ និង ផ្លូវលំទៅភ្នំខ្សាក ផងដែរ ។

សិស្សានុសិស្ស រួមនឹងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យហ៊ុន សែន ស្អាង បានសំដែងការព្រួយបារម្ភពីបញ្ហាសុខភាព និងភ័យខ្លាច បញ្ហាគ្រោះថ្នាក់ចរាចរណ៍ដោយសារក្រុមឡានទាំងនេះ ពិសេសនៅម្តុំផ្សារស្អាងខាងត្បូង ព្រោះ ទីនោះមានទីធ្លាតូចចង្អៀត និងការចតយានជំនិះអាណាធិតេយ្យ។

ក្រុមឡានប្រភេទយីឌុប ៥ភ្លៅដឹកខ្សាច់ផ្ទុកពោរពេញ  មិនគ្របតង់ និងមានហូរទឹក ព្រមទាំងខ្សាច់ រាយប៉ាយពេញផ្លូវ ដោយមិនអាសូរទ្រូងផ្លូវ និងអ្នកធ្វើដំណើរនោះទេ ។

ប្រភពពីប្រជាពលរដ្ឋបានបង្ហើបថា ចាប់ពីក្រុមនេះ ដាក់សាឡង់បូមខ្សាច់ចេញពីទន្លេ និងធ្វើការដឹកជញ្ជូនផង ធ្វើអោយពួកគាត់ដែលមានទីលំនៅ នៅក្បែរច្រាំង មានការភិតភ័យ ហើយប្រជាពលរដ្ឋដែលរស់នៅអមផ្លូវឡានចេញចូល ក៏ដេកថ្ងៃមិនបានដែរ ពិសេសលំនៅដ្ឋាន កកទៅដោយគ្រាប់ខ្សាច់ ។

ប្រជាជនសំណូមពរ ដល់អភិបាលខេត្ត និងក្រសួងពាក់ព័ន្ធ គួរមានវិធានការតឹងរឹង ចំពោះក្រុមឡានព្យុះសង្ឃរា ទាំងនេះ ទោះថា គេធ្វើដើម្បីអភិវឌ្ឍន៍កន្លែងណា១ក៏ដោយ ក៏ត្រូវគិតពីទ្រូងផ្លូវ និងទ្រូង ប្រជាជនផង ទើបអាចបានសេចក្តីសុខទាំងអស់គ្នា៕