ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នគរបាលបានឃាត់ខ្លួន ជនសង្ស័យចំនួន៤នាក់ ដែលសមត្ថកិច្ចបញ្ជាក់ថា ជាក្រុមឆក់យ៉ាងសកម្មតាមផ្លូវសាធារណៈឆ្លងខេត្ត ត្រូវបានកម្លាំង នគរបាលស្រុកព្រៃនប់ បង្ក្រាបបានភ្លាមៗ ក្រោយពីជនសង្សយ័ជិះម៉ូតូ ០២គ្រឿង ធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះ ដែលកំពុងជិះម៉ូតូលើផ្លូវជាតិលេខ៤ ចំនួន០២កន្លែងផ្សេងគ្នា ក្នុងនោះដំបូងធ្វើសកម្មភាពឆក់នៅផ្លូវជាតិលេខ៤ ចំណុចភូមិជើងគោឃុំជើងគោ ហើយបន្តមកធ្វើសកម្មភាពឆក់មួយករណីទៀតនៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ កុម្ភៈ ២០២១ ។
សមត្ថកិច្ចដែលចុះបង្ក្រាបផ្ទាល់បញ្ជាក់ថា ក្រុមជនសង្ស័យទាំង ៤នាក់នេះ ពីមុនក៏ធ្លាប់ធ្វើសកម្មភាពឆក់តាមខេត្តផ្សេងៗ និងមុននេះមួយថ្ងៃ ក្រុមនេះក៏បានធ្វើសកម្មភាពឆក់តាមផ្លូវនៅឃ្លាំងលើ ក្រុងព្រះសីហនុ យកបានទូរសព្ទ័មួយគ្រឿង និងលុយមួយចំនួនទៀតពីជនរងគ្រោះ ហើយព្រឹកឡើងទើបចេញពីក្រុងព្រះសីហនុ មកធ្វើសកម្មភាពក្នុងស្រុកព្រៃនប់ ក៏ត្រូវសមត្ថកិច្ចបង្ក្រាបបានតែម្តង។
ជនសង្ស័យចំនួនទាំង៤នាក់ រួមមាន៖ ០១. ឈ្មោះ រឿន ភារៈ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃតានប់ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ០២.ឈ្មោះ ឈុំ ដារ៉ាត់ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរនិស្សិត មានទីលំនៅភូមិពោធិ ឃុំពោរម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ០៣.ឈ្មោះ សុង ដានីត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ០៤.ឈ្មោះ វន សំរ៉ុង ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
បច្ចុប្បន្នជនសង្សយ័ និងវត្ថុតាង សមត្ថកិច្ចកំពុងឃាត់ទុកសាកសួរសាវតាបន្តតាមនីតិវិធី ដើម្បីបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់ ៕
ដោយ៖ គីម នា ព្រៃនប់