ខេត្តបន្ទាយមានជ័យ៖ លោក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា អ្នកបើកបររថយន្តឈ្មោះ ហ៊ីង ពេជ្រ ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក  បានលួចដឹកជញ្ជូនពលករខ្មែរប្រុស.ស្រី ចំនួន០៤នាក់ ឆ្លងដែនទៅប្រទេសថៃ  នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចមុខក្លោងទ្វារផ្លូវចូលភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក។

នៅក្នុងរថយន្តមានពលករខ្មែរចំនួន០៤នាក់ ដែលបម្រុងឆ្លងដែនទៅថៃមាន៖ ១.ឈ្មោះ ម៉ៃ រ៉ុង ប្រុស អាយុ៤៣ឆ្នាំ, ២.ឈ្មោះ កិន ឡា ភេទស្រី អយុ៣៦ឆ្នាំ ទាំង០២នាក់ នៅភូមិអំពៅដៀប ឃុំជ្រួយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប ។ ៣.ឈ្មោះ ផុន ម៉េត ប្រុស អាយុ២០ឆ្នាំ, ៤.ឈ្មោះ គង់ ចាន់ណាត ភេទស្រី អាយុ ២៣ឆ្នាំ ទាំង០២នាក់នៅ ភូមិស្លែងស្ពាន ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

លោកអធិការបញ្ជាក់ថា ក្រោយពីឃាត់និងសួរនាំអ្នកបើករថយន្ត និងពលករទាំង០៤នាក់ រួចមក កម្លាំងសមត្ថកិច្ច បានកំណត់មុខសញ្ញា និងឈានដល់ឃាត់ខ្លួនបានមេខ្យល់ចំនួន០២នាក់ នៅលើផ្លូវជាតិលេខ៥៨ ខាងជើងភូមិក្តឹប ថ្ម ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក មាន៖១.ឈ្មោះ ចាំ ណុយ ភេទប្រុស អាយុ៣៤ឆ្នាំ, ២.ឈ្មោះ សរ វិត ភេទប្រុស អាយុ២២ឆ្នាំ ជនសង្ស័យទាំង ០២នាក់ នៅភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកបន្ថែមថា ជនសង្ស័យជាមេខ្យល់ចំនួន០២នាក់ និងអ្នកដឹកជញ្ជូន០១នាក់ រួមទាំងពលករខ្មែរចំនួន០៤នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក និងរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីមានវិធានការបន្ត៕