ព្រះសីហនុ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញាធរស្រុកស្ទឹងហាវ មានកិច្ចសហការពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំកំលាំសាធារណៈចុះអនុវត្តរុះរើសំណង់ខ្ទម នៅលើទីតាំងដីមានបណ្ណ័សារកម្មសិទ្ធិរបស់អ្នកដទៃ មានទីតាំងនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ពលរដ្ឋជាច្រើននាក់ដែលមានផ្ទះ និងដីនៅតំបន់នោះ បានលើកគ្នាតវ៉ាប្រឆាំងនឹងការចុះអនុវត្តនេះ។ រហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រុមប្រជាជនកំពុងបន្តផ្តុំគ្នា ដើម្បីស្នើសុំអោយមានការដោះស្រាយ និងទទួលខុសត្រូវចំពោះការរុះរើបំផ្លាញផ្ទះ និងដំណាំរបស់គាត់។

អាជ្ញាធរខេត្តព្រះសីហនុ និងតំណាងអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី១៩នេះ កំពុងព្យាយាមសម្របសម្រួលនិងមានវិធានការបន្ត។

ខ្ទមនិងផ្ទះចំនួន៥៨ខ្នង ក្នុងចំណោមផ្ទះប្រមាណជាង៧០ខ្នង និងដំណាំមួយចំនួនផងត្រូវបានរុះរើឈូសឆាយចោល ។ គ្រឿងចក្រអេស្កាវ៉ាទ័រចំនួន ៣គ្រឿង ត្រូវពលរដ្ឋគុបដបសាំងបណ្តេញដើម្បីបញ្ឈប់សកម្មភាពឈូសឆាយផ្ទះ និងបានស្ទាក់ទុកមិនអោយចេញ ព្រមទាំងព្រមានដុតកំទេចចោលបើមិនមានដំណោះស្រាយជូនពួកគាត់។

ខ្ទមឬផ្ទះទាំងនោះ ខ្លះមានម្ចាស់រស់នៅខ្លះបិទទ្វារជាខ្ទមចាំដី និងមានក្បាលដីខ្លះធ្វើរបងហ៊ុំព័ទ្ធទុកចោល។

ប្រជាជនខ្លះ បាននិយាយថា ពួកគាត់បានចូលមកកាប់រានយកជាចំណែកតូចៗធ្វើផ្ទះរស់នៅព្រោះជីវភាពខ្វះខាត ។

ឯអ្នកខ្លះទៀតបានទិញពីគេ ការអូសទាញរបស់មេខ្យល់ដោយលើកហេតុផលថាទីនេះជាដីរដ្ឋ (គម្របព្រៃឈើ)។

យោងតាមឯកសារ ដីនេះមានបណ្ណ័រឹង ចុះហត្ថលេខាដោយ លោក ចេង ស្រុង នៅថ្ងៃ២៩ មករា២០១៩ មានទំហំ១០០ហិចតា ស្មើនឹង ២០បណ្ណ័។ ប្រវត្តិបណ្ណ័នេះមានឈ្មោះដើម គង់ មាលា បានផ្ទេរ (លក់ឡៃឡុង) អោយទៅឈ្មោះ ឆៃ ជីងហ៊ាង ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងមករដ្ឋបាលស្រុកស្ទឹងហាវដើម្បីដឹកនាំរៀបចំតាមនីតិវិធី។ ហើយរដ្ឋបាលស្រុកស្ទឹងហាវ បានជូនដំណឹងដល់ពលរដ្ឋនៅតំបន់នេះ អោយរុះរើចេញពីទីតាំងកម្មសិទ្ធរបស់គេ ប៉ុន្តែពលរដ្ឋមិនអនុវត្តតាមឡើយ និងនៅតែបន្តសកម្មភាព ទិញ/លក់ តគ្នា សង់ផ្ទះថ្មីៗបន្ថែមដោយគ្មានអាជ្ញាធរដឹងឮ៕

ដោយ៖ វុន សុខជា