ក្រសួងអប់រំ យុវជន និងកីឡាសម្រេចផ្អាកដំណើរការសាលាចំនួន៥ទីតាំងទៀត នៅខេត្តកណ្តាល និងរាជធានីភ្នំពេញ ក្រោយផ្ទុះជំងឺកូវីដ-១៩ ចូលសហគមន៍ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍។
យោងតាមសេចក្តីជូនដំណឹង ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថាក្រសួងអប់រំ បានសម្រេចផ្អាកដំណើរការ ជាបណ្ដោះអាសន្ន អនុវិទ្យាល័យឬស្សីជ្រោយ សាលាបឋមសិក្សា ហ៊ុន សែន ឫស្សីជ្រោយ ស្រុកស្អាង អនុវិទ្យាល័យឫស្សីស្រុក ស្រុកកៀនស្វាយ ខេត្តកណ្តាល សាលាបឋមសិក្សាកូលាបទី១ និងសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ ។
ក្រសួងអប់រំ បានបញ្ជាក់ថា ចំពោះគ្រឹះស្ថានសិក្សា ដែលត្រូវផ្អាកដំណើរការជាបណ្ដោះអាសន្ននេះ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍។
ក្រសួងអប់រំ បន្តថា ចំពោះបុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សពាក់ព័ន្ធនឹងគ្រឹះស្ថានសិក្សាខាងលើ ត្រូវបន្តតាមដានសុខភាពផ្ទាល់ខ្លួន និងក្នុងករណីមានការសង្ស័យ សូមទំនាក់ទំនងទៅសេវាសុខាភិបាល។
សូមរំលឹកថា ក្រោយផ្ទុះជំងឺកូវីដ-១៩ ចូលសហគមន៍នេះ ក្រសួងអប់រំបានសម្រេចផ្អាកដំណើរការសាលារៀនទាំងរដ្ឋ និងឯកជនចំនួន៧ហើយ គឺវិទ្យាល័យភ្នំពេញថ្មី, សាលារៀន SIS សាខាផ្សារដើមគរ, អនុវិទ្យាល័យឫស្សីជ្រោយ សាលាបឋមសិក្សា ហ៊ុន សែន ឫស្សីជ្រោយ ស្រុកស្អាង អនុវិទ្យាល័យឫស្សីស្រុក ស្រុកកៀនស្វាយ ខេត្តកណ្ដាល សាលាបឋមសិក្សាកូលាបទី១ និងសាលារៀនអន្តរទ្វីបអាមេរិកាំង៕