នៅថ្ងៃ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីធ្វើការណែនាំ និងដាក់វិធានការក្នុងការពិនិត្យស្រាវជ្រាវរកមុខសញ្ញាសង្ស័យ យកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ និង ដាក់ឱ្យធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ ចំពោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ក្នុងឱកាសនោះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានក្រើនរម្លឹកដល់ដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ឱ្យដាស់តឿនប្រជាពលរដ្ឋទាំងអស់ ឱ្យយមានការប្រុងប្រយ័ត្នចំពោះសុខភាព និង រក្សាអនាម័យឱ្យបានញឹកញាប់ និងពាក់ម៉ាសការពារពេលចេញទៅក្រៅផ្ទះ និង បានស្នើដល់មន្ត្រីពាក់ព័ន្ធធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ និងចុះបំពេញភារកិច្ចតាមមូលដ្ឋានរៀងៗខ្លួនដែលបានចាត់តាំង ហើយត្រូវពិនិត្យនិងពង្រឹងកន្លែងធ្វើចត្តាឡីស័ក ឱ្យមានសណ្ដាប់ធ្នាប់ល្អ ។
គិតត្រឹមរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ មនុស្សចំនួន ៧០៩នាក់ ដែលជាប់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ត្រូវបានដាក់ឱ្យនៅធ្វើចត្តាឡីស័កតាមមណ្ឌលនានានៅទូទាំងខេត្តកណ្ដាល ខណៈដែលមនុស្សម្នាក់ដែលជាបុគ្គលិកក្លឹប N8 រស់នៅក្រុងតាខ្មៅ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរបេង រាជធានីភ្នំពេញ ៕