ក្នុងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ បានឲ្យដឹងអំពីករណីឆ្លងជំងឺកូវីដ១៩ចំនួន ២៥ករណីបន្ថែមទៀតនៅប្រទេសកម្ពុជា ដែលក្នុងនោះមានចំនួន ២៣ករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ក្នុងចំណោម ២៣នាក់ មានម្នាក់ជាស្ត្រីជនជាតិខ្មែរវ័យ ២០ឆ្នាំ ដែលមានទីលំនៅនៅឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងស្រ្តីខ្មែរម្នាក់វ័យ ៤២ឆ្នាំ រស់នៅខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។ ចំណែក ២១នាក់ទៀតគឺសុទ្ធតែជាបុរសស្ត្រីជនជាតិចិន ស្នាក់នៅរាជធានីភ្នំពេញដូចគ្នា។
តាមសេចក្ដីប្រកាសដដែលបានឲ្យដឹងថាគិតត្រឹមព្រឹកថ្ងៃទី២៣ ខែកុម្ភៈ វេលាម៉ោង ៧ព្រឹកនេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩សរុប ៥៩៣ករណី ដែលក្នុងនោះព្យាបាលជាសះស្បើយចំនួន ៤៧៥ករណី៕
ប្រភព:sabay