មេរោគកូរ៉ូណាវីរុសថ្មី មានវត្តមាននៅក្នុងខ្លួនសត្វប្រចៀវ មានភាពស្រដៀងគ្នានឹងជំងឺកូវីដ១៩ ដែលមនុស្សលើសាកលលោកកំពុងមានការព្រួយបារម្ភ ប៉ុន្ដែមេរោគក្នុងខ្លួនសត្វប្រចៀវនេះ មិនដូចគ្នានឹងជំងឺកូវីដ១៩នោះទេ។ នេះជាការបញ្ជាក់ពីក្រុមអ្នកជំនាញនៅ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានឆ្លើយនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ២០២១។
អ្នកជំនាញបានពន្យល់ទៀតថា តាមការសិក្សា មេរោគកូរ៉ូណាវីរុសថ្មី មានវត្តមាននៅក្នុងខ្លួនសត្វប្រចៀវនេះ ប៉ុន្ដែ វាមិនមានលទ្ធភាពចម្លងមកមនុស្សនោះទេ។
លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់បន្ថែមថា មេរោគនៅក្នុងសត្វប្រចៀវ អាចចាត់ទុកថា ជាមេរោគជីដូនមួយជាមួយនឹងជំងឺកូវីដ ប៉ុន្ដែវាមិនបានចម្លងដល់មនុស្សនោះទេ ហើយ កត្តានេះ ស្ថិតនៅក្នុងការសិក្សា ហើយទុកលទ្ធភាពឲ្យក្រុមអ្នកជំនាញធ្វើការសិក្សា។
ការលើកឡើងប្រធានបទខាងលើនេះ ក្រោយពីអ្នកជំនាញបារាំង បានស្រាវជ្រាវរកឃើញថា មេរោគកូរ៉ូណាវីរុសថ្មី មានវត្តមាននៅក្នុងខ្លួនសត្វប្រចៀវ នៅភាគខាងជើងប្រទេសកម្ពុជា តាំងតែពី១០ឆ្នាំមុន។ អ្នកជំនាញបារាំង បានលើកសម្មតិកម្មថា មេរោគកូរ៉ូណាវីរុសថ្មី អាចមានវត្តមាននៅតាមប្រទេសអាស៊ីអាគ្នេយ៍ខ្លះ ដូចជាកម្ពុជា វៀតណាម ឡាវ និង ថៃ ជាច្រើនឆ្នាំរួចទៅហើយ។
យ៉ាងណាមិញ អ្នកជំនាញបានបញ្ជាក់ច្បាស់ៗហើយថា មេរោគនៅក្នុងប្រចៀវ មិនមានលទ្ធភាពចម្លងមកមនុស្សនោះឡើយ៕
ប្រភព:sabay