រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការប្រើប្រព័ន្ធ QR Code Stop Covid  ដើម្បីទប់ស្កាត់កូវីដ-១៩ នៅតាមច្រកចេញ ចូលក្នុងសាលារាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ មកម្លេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះបាននិងកំពុងរីករាលដាលចូលសហគមន៍ជាថ្មីម្ដងទៀតនោះ។   

 ការបំពាក់នូវបច្ចេកវិទ្យាថ្មីនេះ  អាចគ្រប់គ្រងទិន្នន័យបានយ៉ាងល្អប្រសើរចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩។ជាក់ស្តែង នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ ថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងភ្ញៀវ ដែលចូលសាលារាជធានី បានប្រើប្រាស់ QR Code Stop Covidគ្រប់គ្នា ជាមួយនិងការវាស់កំដៅ បាញ់ លាងដៃនិងអាល់កុលផងដែរ។

ពាក់ព័ន្ធនឹងការបំពាក់ប្រព័ន្ធ QR Code  Stop Covidនេះ កាលពីថ្ងៃទី២១ ខែកុម្ភៈ កន្លងមកនេះ នៅក្នុងកិច្ចប្រជុំជាបន្ទាន់មួយ រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ណែនាំទៅគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវតែបំពាក់ប្រព័ន្ធ QR Code  Stop Covidនេះ ។ បច្ចេកវិទ្យាថ្មីនេះពិតជាមានសារសំខាន់ ព្រោះវាមានភាពងាយស្រួលក្នុងការតាមដាន និងស្វែងរកអ្នកដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ បានលឿន ជាងការប្រើប្រាស់មនុស្សដើម្បីស្វែងរក ហើយអាចយកមនុស្សដែលពាក់ព័ន្ធទៅធ្វើចត្តាឡីស័កក៏ដូចជាទៅព្យាបាលបានលឿននិងទាន់ពេលវេលា។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា បច្ចេកវិទ្យាថ្មី QR Code Stop Covid នេះ ពិតជាមានតម្លៃនិងផ្ដល់ភាពងាយស្រួល ក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយសារថា បើអ្នកពាក់ព័ន្ធជាមួយនឹងកូវីដ-១៩ បច្ចេកវិទ្យាថ្មីនេះនឹងបង្ហាញទៅលើប្រព័ន្ធស្មាតហ្វូនថា បុគ្គលនេះ ធម្មតា បុគ្គលនេះជាបុគ្គលមានហានិភ័យខ្ពស់ និងបុគ្គលនេះជាបុគ្គលគួរឱ្យសង្ស័យ ដែលយើងអាចធ្វើចំណាត់ការបានលឿននិងមានប្រសិទ្ធភាព៕

ប្រភព: ក្រសួងព័ត៌មាន