ក្រុមអ្នកអភិរក្សធនធានធម្មជាតិ បាននិយាយថា ដែនជម្រកភ្នំសំកុសក្នុងភូមិសាស្ដ្រខេត្តពោធិសាត់ បានផ្តល់ភាពសុខសាន្តដល់ពពួកសត្វព្រៃជិតផុតពូជនៅលើពិភពលោក ប៉ុន្តែទាមទារ នូវការអនុវត្តច្បាប់រឹតបន្តឹងការដាក់អន្ទាក់ និងបរបាញ់ដោយខុសច្បាប់។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា នៅពាក់កណ្ដាលឆ្នាំ២០២០ មកដល់បច្ចុប្បន្ន នាយកដ្ឋានអភិរក្សដីគោកខាងត្បូងបឹងទន្លេសាប បានសហការជាមួយ អង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (Wild Earth Allies) និងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ចុះសិក្សាស្រាវជ្រាវសត្វព្រៃ តាមរយៈការដាក់ម៉ាស៊ីនថតរូបស្វ័យប្រវត្តិ (Camera-trap) ចំនួន៩គ្រឿង នៅដែន ជម្រកសត្វព្រៃភ្នំសំកុសភូមិសាស្ដ្រខេត្តពោធិសាត់ ដោយការសិក្សាស្រាវជ្រាវបានទទួលលទ្ធផលសំខាន់ៗដូចជា៖ ថតបានដំរីព្រៃ ខ្ទីង ឈ្លុស ស្វាព្រាហ្មណ៍ ស្វាត្រោស ឆ្កែព្រៃ ខ្លាឃ្មុំធំ ស្ការធំ ក្ងោក កុកពាក់អំបោះ និងប្រភេទសត្វព្រៃមួយចំនួនទៀត។ នៅមានសត្វជាច្រើនទៀតដែលមិនទាន់ថត បាន ហើយក្រុមការងារ សិក្សាស្រាវជ្រាវនឹងដាក់ម៉ាស៊ីនថតរូបស្វ័យប្រវត្តិបន្ថែមទៀតនៅពេលឆាប់ៗខាងមុខនេះ។ ទិន្នន័យពីការសិក្សាស្រាវជ្រាវនេះ នឹងយកមកប្រើប្រាស់សម្រាប់ជាផ្នែកមួយក្នុងការកំណត់តំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃភ្នំសំកុស ជាពិសេសការកំណត់តំបន់ស្នូល និងតំបន់អភិរក្ស។
លោក និក ម៉ាក ដែលបម្រើការងារនៅអង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅកម្ពុជា បានសាទរ ចំពោះវត្តមានសត្វព្រៃដ៏កម្រនៅកម្ពុជា ប៉ុន្តែលោកព្រួយបារម្ភចំពោះអន្ទាក់ដែលព្រាន ព្រៃបានបង្កប់ ដើម្បីចាប់សត្វនៅក្នុងព្រៃ។ លោកថា អន្ទាក់មានច្រើនប្រភេទ ហើយសម្ថតភាពរបស់វានីមួយៗអាចចាប់សត្វព្រៃបានយ៉ាងមានប្រសិទ្ធភាព។ លោកបញ្ជាក់ថា ក្រៅពីការបរបាញ់ និងបាត់បង់ព្រៃឈើ អន្ទាក់ គឺជាអាវុធមួយផ្នែក ដែលធ្វើឱ្យសត្វព្រៃមានការថយចុះផងដែរ។
បើតាមការឱ្យដឹងពីមន្ត្រីឧទ្យានុរក្ស និងមន្ត្រីសត្តរក្ស ដែលចុះល្បាតនិងដោះអន្ទាក់ក្នុងដែនជម្រកសត្វព្រៃ បានឱ្យដឹងថា អន្ទាក់ដែលត្រូវជនល្មើសដាក់ ដើម្បីចាប់សត្វព្រៃ មានដូចជា៖ អន្ទាក់ប្រើចរន្តអគ្គិសនីឆក់ អន្ទាក់ខ្សែកាប អន្ទាក់ខ្សែគោ អន្ទាក់អង្គប់ដែក ដែលអន្ទាក់ទាំងនេះមាន តម្លៃថោក ប៉ុន្តែមានគ្រោះថ្នាក់បំផុតចំពោះសត្វព្រៃ និងមនុស្ស៕
ប្រភព:ក្រសួងព័ត៌មាន