ខេត្តបន្ទាយមានជ័យ៖ ដើម្បីអនុវត្តវិធានការពារជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល នៅយប់ថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ ២០២១នេះ រដ្ឋបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត អាជ្ញាធរភូមិសង្កាត់ រួមទាំងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បានចុះណែនាំឲ្យម្ចាស់អាជីវកម្ម KTV ក្លឹបកំសាន្ត និងបៀរហ្គាឌិន ត្រូវផ្អាកធ្វើអាជីវកម្មបន្តទៀត រងចាំរហូតដល់ថ្ងៃប្រកាសឲ្យដំណើរការវិញ ចាំធ្វើអាជីវកម្មបន្ត។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា ដោយមានការផ្ទុះឡើងពីការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រសួងទេសចរណ៍បានចេញសេចក្តីជូនដំណឹង ស្តីពីការបន្តពង្រឹងវិធានការបិទផ្អាកអាជីវកម្ម KTV ក្លឹបកំសាន្ត និងបៀរហ្គាឌិន ក៏ដូចជាការណែនាំរបស់ឯកឧត្តមអភិបាលខេត្ត និងជាស្មារតីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ រួមទាំងចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល រដ្ឋបាលក្រុងប៉ោយប៉ែត បានចុះអនុវត្តត្រួតពិនិត្យនៅតាមទីតាំង KTV ក្លឹបកំសាន្ត និងបៀរហ្គាឌិន ណែនាំឲ្យម្ចាស់អាជីវកម្ម ត្រូវបន្តផ្អាកអាជីវកម្មរបស់ខ្លួន រហូតដល់មានការជូនដំណឹងជាថ្មី ស្តីពីការបន្ធូបន្ថយ ឬកែសម្រួលវិធានការនៅពេលខាងមុខ។
គួរបញ្ជាក់ថា នៅក្រុងប៉ោយប៉ែត តែងតែមានការលួចបើកKTV ក្លឹបកំសាន្ត និងបៀរហ្គាឌិន ដែលប្រជាពលរដ្ឋសង្ឃឹមថា រដ្ឋបាលក្រុងប៉ោយប៉ែត និងមានវិធានការម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ការលួចបើក ដើម្បីកុំឲ្យពួកគាត់មានការភ័យខ្លាច និងព្រួយបារម្ភអំពីការ ឆ្លងជំងឺកូវីដ១៩៕
ដោយ: SAO NOV (TONG)