ភ្នំពេញ៖ កាលពីយប់ថ្ងៃទី០៩ខែមករាឆ្នាំ២០២០ មានករណីឆេះព្រះវិហារ​វត្តឧណ្ណាលោម ទីកន្លែងកើតហេតុ នៅផ្លូវលេខ១៥៤ កែងផ្លូវសុធារស ក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញ។ តាមភ្នាក់ងារអង្គភាពសារព័ត៌មាន Cam Asia News បានរាយការណ៍ឲ្យដឹងថា ផ្សែងហុយសន្ធប់ចេញពីក្នុង​វត្ត​ឧណ្ណាលោម​ គេឃើញតាជីយាយជី ជាពិសេសព្រះសង្ឃតែម្ដងបាននាំគ្នាផ្អើលឈូឆរដោយអ្នកខ្លះរាយការណ៍ប្រាប់អាជ្ញាធរនិងអ្នកខ្លះទៀតយកទឹកមកជះ និងបាញ់ពន្លត់តែមិនអាចគ្រប់គ្រង ដោយផ្សែងកាន់តែហុយឆេះខ្លាំងៗឡើង។ ប៉ុន្តែភ្លាមៗនោះដែរ គេឃើញលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចុះមកដល់កន្លែងកើតហេតុ ដើម្បីបញ្ជាឲ្យម៉ូតូទឹករបស់រដ្ឋបាលខណ្ឌចំនួន៤គ្រឿង ធ្វើការបាញ់ទឹកពន្លត់ទម្រាំរថយន្តពន្លត់អគ្គីភ័យមកដល់។

 បើទោះបីក្រុមម៉ូតូទឹករដ្ឋបាលខណ្ឌបានបាញ់ទឹកអស់៤គ្រឿងហើយ ក៏នៅតែមិនរលត់ទៀតទើបឡានទឹកមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់បន្តបន្ទាប់រហូតអស់៧គ្រឿង​ ទើបរលត់ជាស្ថាពរប្រហែលជាជិត១ម៉ោងក្រោយមក។ តាមការបញ្ជាក់របស់អាជ្ញាធរខណ្ឌដូនពេញបានឲ្យដឹងថា ការឆេះព្រះវិហារ​ក្នុងវត្តឧណ្ណាលោមនោះផ្តើមចេញពីត្រង់បាឡាំងព្រះ សង្ស័យឆ្លងចរន្តអគ្គិសនីទើបបណ្តាលឲ្យឆេះដូច្នេះតែម្តង ដោយហេតុការណ៍នោះមិនមានអ្នកគ្រោះថ្នាក់នោះទេ ប៉ុន្តែត្រូវខូចព្រះជាច្រើនអង្គ រួមទាំងព្រះមានតម្លៃផងដែរ៕