កាលពីថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងយុត្តិធម៌ បានចាប់ផ្តើមអនុវត្តការប្រើប្រាស់ប្រព័ន្ធ QR Code របស់អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានជំងឺកូវីដ ១៩ (COVID-19) ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩ ។ ប្រព័ន្ធ QR Code នេះតម្រូវឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ និងភ្ញៀវគ្រប់រូបដែលអញ្ជើញចូលមកកាន់ក្រសួងយុត្តិធម៌ ត្រូវស្កេន QR Code ទាំងពេលចូល និងពេលចេញទៅវិញ ។ របៀបប្រើប្រព័ន្ធ QR Code នេះ មាន៣ ជំហាន ។ ជំហានទី១ ត្រូវស្កេន QR Code ឬវាយ URL ជំហានទី២ បញ្ចូលលេខទូរស័ព្ទរបស់អ្នក ជំហានទី៣ វាយលេខកូដ ៦ខ្ទង់ ដែលផ្ញើសារមក ។

ទន្ទឹមនេះដែរ ក្រសួងយុត្តិធម៌ នៅតែបន្តអនុវត្តវិធានការបង្ការ និងទប់ស្កាត់COVID -១៩ របស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លាបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ច នូវវិធានការការពារកូវីដ-១៩ គឺ ៣ការពារ និង ៣កុំ ។

៣ ការពារ រួមមាន ៖

១.ពាក់ម៉ាស់

២.លាងដៃ

៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ។

៣ កុំ រួមមានៈ

១.កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើនពេក

២.កុំទៅកន្លែងមនុស្សច្រើនកកកុញ

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកគ្នា កុំឱបគ្នាជាដើម ។

ប្រភព: ក្រសួងយុត្តិធម៌