ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ កុម្ភៈ ២០២១ នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល កម្ពុជា បានប្រកាសច្រានចោលទាំងស្រុងចំពោះ សារព័ត៍មាន Angkor Times ដែលផ្សាយជាភាសាចិនថា៖ កម្ពុជាបានយកវ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិន យកមកលក់ដូរ ក្នុងតម្លៃថ្លៃ។
លោកជំទាវ ឱ វណ្ណឌីន បានចាត់ទុកថា ការផ្សព្វផ្សាយរបស់ Angkor Times ជារឿងផ្តេសផ្តាស់។ លោកស្រីបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិន នៅកម្ពុជា គឺបាន និងកំពុងចាក់ទៅលើក្រុមមនុស្សអាទិភាព ដែលក្រសួងសុខាភិបាលប្រកាសប៉ុណ្ណោះ ។
លោកជំទាវ ឱ វណ្ណឌីន ថ្លែងថា៖ «យើងមិនមានឱ្យអ្នកដែលទៅចាក់បង់ប្រាក់នោះទេ ហើយបច្ចុប្បន្ននេះយើងអត់មានវ៉ាក់សាំងណាដែលចាក់ឱ្យក្នុងតម្លៃហ្នឹង (១២០ដុល្លារ)ដែរ ពីព្រោះវ៉ាក់សាំងយើងមានកម្រិត ហើយយើងសុទ្ធតែកំណត់មុខសញ្ញាសម្រាប់ក្រុមមនុស្សដែលត្រូវមកចាក់ ហើយយើងមានបញ្ជីឈ្មោះអ្នកចាក់ត្រឹមត្រូវ»។
លោកស្រី បានសុំអធ្យាស្រ័យចំពោះប្រជាពលរដ្ឋ ដោយសារ ចំនួនវ៉ាក់សាំងជំហានដំបូងនេះមានកម្រិត មិនអាចចាក់ឱ្យគ្រប់គ្នាបាន។ ជំនួយវ៉ាក់សាំង ចិន ជំហានដំបូងចំនួន ៦០ម៉ឺនដូស ក្នុងចំណោម ១លានដូស ដែលផ្តល់ជូនតាមសំណើក្រសួងការពារជាតិកម្ពុជា ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។ ចំណែក៤០ម៉ឺនដូសទៀត នឹងមកដល់កម្ពុជាជាបន្តបន្ទាប់។
គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម របស់ចិន ជូនជនស៊ីវិលបានចំនួន ៧៧៧០នាក់ ហើយ ក្នុងនោះស្ត្រីមានចំនួន ២,៥៨៣នាក់។ ចំណែក ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងនេះ ជូនកងកម្លាំងកើនដល់ចំនួនសរុប ៣៦,៧៣៥នាក់ ក្នុងនោះមាននារី ៣,១៨៣នាក់ ។
សូមរំលឹកថា៖ សារព័ត៍មានមួយនេះកាលពីម្សិលមិញបានផ្សាយព័ត៍មានមួយដែលបានដាក់ចំណងជើងថា៖“វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិន ត្រូវបានគេលក់នូវក្នុងតម្លៃថ្លៃ”។
សារព័ត៍មាន《Angkor Times》បានលើកឡើងថា មានអ្នកអានរបស់ខ្លួនបានផ្តល់ព័ត៍មានអោយខ្លួនថា នៅរសៀលថ្ងៃនេះពួកគេបានទទួលសារខ្លីនិយាយថា បើហ៊ានចេញថ្លៃសេវា ១២០ដុល្លារ នឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩។
សារខ្លីនោះបានបង្ហាញទៀតថា ថ្វីត្បិតការណាត់ចាក់វ៉ាក់សាំងមុននេះគឺមិនត្រូវគិតថ្លៃ ប៉ុន្តែម្នាក់ៗត្រូវបង់ប្រាក់ចំនួន១២០ដុល្លារថ្លៃសេវា តម្លៃនេះរួមទាំងថ្លៃសេវាដឹកជញ្ជូនទៅវិញទៅមកផងដែរ ហើយកំណត់ត្រឹម១០០០នាក់ប៉ុណ្ណោះ បើឆ្លើយតប(Reply)សារនេះគឺអាចណាត់ចាក់វ៉ាក់សាំងបានហើយ។
ក្រោយមក អ្នកកាសែតរបស់《Angkor Times》បានតេទូរស័ព្ទទៅកាន់លេខទូរស័ព្ទនោះ ហើយអ្នកលើកទូរស័ព្ទបានឆ្លើយថា ការទទួលចាក់វ៉ាក់សាំងគឺមិនគិតថ្លៃទេ តែដោយសារមានឡានជូនទៅជូនមក ដូច្នេះត្រូវថ្លៃសេវា។ អ្នកដែលចង់ចាក់វ៉ាក់សាំងគឺអាចប្រើឈ្មោះខ្លួនឯង លេខទូរស័ព្ទ WeChat ។ល។ដើម្បីធ្វើការណាត់មុន។នៅពេលណាត់ពេលវេលារួច នឹងមានយកឡានទៅទទួល។
សារព័ត៍មាននេះបានផ្សាយទៀតថា បើសិនជាទទួលបានអ្នកចាក់វ៉ាក់សាំងចំនួន១០០០នាក់មែន ហើយម្នាក់ចំណាយអស់១២០ដុល្លារ ពួកគេនឹងអាចចំណេញប្រាក់ប្រមាណ១២ម្មឺនដុល្លារដោយគ្រាន់តែចំណាយថ្លៃដឹកជញ្ជូនទៅវិញទៅមកប៉ុណ្ណោះ៕