រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះទៅពិនិត្យមណ្ឌលចត្តាឡីស័ក និងសួរសុខទុក្ខក្រុមគ្រូពេទ្យ នៅមណ្ឌលសុខភាពចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបានមើលថែ និងព្យាបាលជូនអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាល នៅទីនោះ។

​ ឯកឧត្តម​ ឃួង ស្រេង បានកោតសរសើរចំពោះក្រុមគ្រូពេទ្យដែលកំពុងមើលថែនិងព្យាបាលអ្នកជំងឺកូវីដ-១៩ និងអ្នកធ្វើចត្តាឡីស័កដោយយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាពអ្នកជំងឺកន្លងមក ហើយ​ឯកឧត្ដម​ក៏សូមឲ្យបន្តកិច្ចការងារនេះឲ្យបានល្អបន្ថែមទៀត ដើម្បីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើង។

​ ឯកឧត្ដម​​ ឃួង​ ស្រេង​ ណែនាំឲ្យក្រុមគ្រូពេទ្យទាំងអស់សូមបន្តយកចិត្តទុកដាក់ណែនាំដល់អ្នកធ្វើចត្តាឡីស័កឲ្យអនុវត្តវិធានសុខាភិបាល លាងដៃនឹងសាប៊ូ ជែល និងអាល់កុល ពាក់ម៉ាស់ ពិសេសអនុវត្តវិធានការពារ ៣កុំ និង៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ៕

  

ប្រភព : ក្រសួងព័ត៌មាន