សៀមរាប៖ យុវជនមួយក្រុមដែលមានឈ្មោះថា “តោះទៅលេងសៀមរាប” ដោយបានកិច្ចសហការជាមួយអាជ្ញាធរក្រុងសៀមរាប នៅព្រឹកថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២១នេះ បាននាំគ្នាធ្វើយុទ្ធនាការផ្សព្វផ្សាយ និងដើរបិទឃ្យូអរកូដ” QR-Code “ នៅតាមទីសាធារ: នៃក្រុងសៀមរាប ក្នុងគោលបំណងធ្វើការបង្ហាញដល់សាធារណជនអំពីតំបន់ដែលមានឆ្លងជំងឺកូវីដ-១៩ ក្នុងភាពងាយស្រួលដល់សមត្ថកិច្ចសុខាភិបាល ដើម្បីទប់ស្កាត់ការពារជំងឺកូវីដ-១៩។ ការធ្វើយុទ្ធនាការនេះ ក្រោយពេលកើតឡើងនូវព្រឹត្ដិការណ៍សហគមន៍២០កុម្ភ:នៅរាជធានីភ្នំពេញ។
តំណាងយុវជនស្ម័គ្មចិត្ដតោះទៅលេងសៀមរាប លោក សុខ មករា ដែលជាអ្នកដឹកនាំធ្វើយុទ្ធនាការនេះ បានឱ្យដឹងថា ការបិទឃ្យូអរកូដនេះ ធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកុម្ភ: ទៅតាមការណែនាំពីអភិបាលខេត្ដសៀមរាប ក៏ដូចជាក្រសួងសុខាភិបាល ដោយយកស្ទីកគ័រ”QR-Code “នេះទៅបិទនៅតាមទីប្រជុំជនរួមមាន: នៅតាមទីផ្សារទំនើប កន្លែងគោរពបូជាព្រះអង្គចេក ព្រះអង្គចម ទីលានហាត់ប្រាណ ស្ថានីយប្រចាំការប៉ូលិសនៅមាត់ស្ទឹង និងនៅតាមផ្សារធំៗព្រមទាំងទីសាធារណៈសំខាន់ៗមួយចំនួននៅក្រុងនេះ ដើម្បីឱ្យប្រជាពលរដ្ឋចូលរួមស្វែងយល់ក្នុងការទប់ស្កាត់ និងជួយការពារជំងឺឆ្លងកូវីដ-១៩ ។ លោកបានបន្ដថា ”QR-Code “ក្រុមយុវជនបានបានណែនាំឱ្យម្ចាស់ភោជនីយដ្ឋាន និងម្ចាស់ផ្សារនានា ឬអ្នកគ្រប់គ្រងនៅតំបន់ដែលមានឃ្យូអរកូដ ប្រាប់ទៅអតិថិជនរបស់ខ្លួនឱ្យស្គែន”QR-Code “នៅពេលពួកគាត់ចូលក្នុងផ្សារ ឬចូលទិញទំនិញផ្សេងៗនៅក្នុងផ្សារ និងនៅតាមទីសាធារណៈដែលបានបិទ”QR-Code “នេះ។ លោកបានបន្ថែមថា ការណែនាំឱ្យអាជីវករស្គែន”QR-Code “ដល់ប្រជាពលរដ្ឋនេះគឺដើម្បីងាយស្រួលឱ្យក្រសួងសុខាភិបាលគ្រប់គ្រងទិន្នន័យ និងតាមដានចំពោះបុគ្គលណាដែលបានឆ្លងជំងឺកូវីដ-១៩។ តំណាងក្រុមយុវជនរូបនោះ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនទាំងអស់នៅក្នុងខេត្ដសៀមរាប ត្រូវចូលរួមទប់ស្កាត់ការពាររីករាលដាលនៃជំងឺកូវីដ-១៩នេះ តាមរយៈស្គែនឃ្យូអរកូដនេះ នៅតាមកន្លែងដែលពួកគាត់បានបំពេញការងារ ឬនៅកន្លែងណាដែលពួកគាត់ចូលទៅតំបន់ណាមួយ។
ប្រធានក្រុមប្រឹក្សាក្រុងសៀមរាប លោក ទេព ប៊ុនឆាយ លោកមានប្រសាសន៍ថា ក្រុងសៀមរាប ត្រូវបានរឹតបន្ដឹងខ្លាំង បន្ទាប់ពីមានករណីផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍ជាលើកទី៣។ លោកបានបន្ដថា អាជ្ញាធរបាននឹងកំពុងធ្វើការផ្សព្វផ្សាយពីការចូលរួមទប់ស្កាត់ និងការចាត់វិធានការការពារដូចជាបិទ”QR-Codeនេះនៅតាមទីសាធារណ:ផ្សេងៗផងដែរ។ លោកថា លោកនឹងចូលរួមជាមួយយុវជនបន្ដធ្វើយុទ្ធនាការវិធានការទប់ស្កាត់ជំងឺដ៏សាហាវនេះនៅតាមតំបន់ផ្សេងៗបន្ថែមទៀត ទៅតាមការណែនាំរបស់អភិបាលខេត្ដសៀមរាប ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩នេះ៕
ប្រភព : ក្រសួងព័ត៌មាន