ដើម្បីជំរុញឱ្យការព្យាបាលជំងឺកូវីដ-១៩ ដំណើរការទៅដោយរលូន និងមានប្រសិទ្ធ ភាពនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួមជា មួយតំណាងស្ថានទូតចិន និងក្រុមការងារពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ បាន ដឹកនាំកម្លាំង ចុះពិនិត្យជាក់ស្ដែង និងដើម្បីលើកទឹកចិត្ដដល់ក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀតនេះ។

មន្ត្រីជំនាញឱ្យដឹងថា នៅពេលនេះជនបរទេស មន្ត្រីស្ថានទូតចិន ជនជាតិចិន មន្ត្រីស្ថាន ទូតជប៉ុន និងប្រជាពលរដ្ឋកម្ពុជាចំនួន៤២នាក់ បាន និងកំពុងសម្រាកព្យាបាលជំងឺ covid-19 នៅក្នុងមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ក្រោយពីអ្នកទាំងនេះត្រូវបានរកឃើញថា វិជ្ជមានជំងឺ covid-19 ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។

ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការទប់ស្កាត់ការបង្ការ នូវជំងឺកូវីដ-១៩ ក្រោយបានរកឃើញថាមានវិជ្ជមានកូវីដ-១៩នោះ យើងបានយកពួកគាត់ទៅ ដាក់តាមមន្ទីរពេទ្យនានាដែលយើងបានរៀបចំទុក និងបានយកចិត្តទុកដាក់ក្នុងការព្យាបាល ដោយមិនគិតថា អ្នកជំងឺទាំងនោះ ជាជនជាតិបរទេសជនជាតិខ្មែរនោះទេ ហើយការព្យាបាល ក៏មិនត្រូវឱ្យមានការបង់ប្រាក់នោះដែរ។

ឯកឧត្ដម ឃួង ស្រេង ក៏សូមឱ្យអ្នកជំងឺទាំងអស់សហការជាមួយគ្រូពេទ្យ និងក្រុមការ ងារដោយរក្សាសណ្តាប់ធ្នាប់របៀបរៀបរយឱ្យបានល្អ គោរពទៅតាមបទបញ្ជាការណែនាំ របស់គ្រូពេទ្យ។ បន្ថែមពីនេះ ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះ ស្ថានទូតចិនដែលសហការបានយ៉ាងល្អ ជុំវិញការស្រាវជ្រាវការផ្ដល់ព័ត៌មានជុំវិញជនជាតិចិន ដែលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩។

ពាក់ព័ន្ធបញ្ហានេះលោក ងី ម៉េង ប្រធាន មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានឱ្យដឹងថា នាពេលបច្ចុប្បន្ន មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀតនេះ បាន និងកំពុងព្យាបាល អ្នកជំងឺកូវីដ-១៩ ចំនួន៤២នាក់ ដែលមានទាំងមន្ត្រីស្ថានទូតចិន ជនជាតិចិន មន្ត្រីស្ថានទូតជប៉ុន និងប្រជា ពលរដ្ឋកម្ពុជាផងដែរ។ ពួកគាត់ទទួលបានការព្យាបាលដោយការយកចិត្តទុកដាក់ពីសំណាក់ លោកគ្រូ អ្នកគ្រូ នៅមន្ទីរពេទ្យនេះ។

ក្នុងឱកាសនោះ តំណាងស្ថានទូតចិន ក៏បានអរគុណផងដែរ ចំពោះរាជរដ្ឋាភិបាល កម្ពុជា និងអាជ្ញាធររាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ចំពោះបងប្អូនជនជាតិចិន មាន ជំងឺកូវីដ-១៩ ស្នាក់នៅកម្ពុជា៕

 

ប្រភព​: ក្រសួងព័ត៌មាន