(ភ្នំពេញ)៖ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានជនជាតិចិន ១១នាក់ ដែលមានបំណង ធ្វើដំណើរទៅប្រទេសរបស់វិញ បានទៅធ្វើតេស្ត ដើម្បីសុំវិញ្ញាបនបត្របញ្ជាក់សុខភាព។ លទ្ធផលធ្វើតេស្តវត្ថុសំណាក របស់បុគ្គលទាំង ១១នាក់នេះ ដែលផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសកូវីដ -១៩។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
តាមសេចក្តីជូនព័ត៌មានខាងលើ បានបញ្ជាក់ថា អ្នកវិជ្ជមានកូវីដ-១៩ទាំង១១នាក់នោះរួមមាន៖ ៧នាក់ មានអាសយដ្ឋានស្នាក់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, ៣នាក់ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ និងម្នាក់ទៀត ស្នាក់នៅសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា អ្នកជំងឺខាងលើ បានជាប់ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ដែលបច្ចុប្បន្នអ្នកទាំងនោះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ។
តាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៧៤១ករណី ក្នុងនោះអ្នកជំងឺ៤៧៧នាក់ បានជាសះស្បើយ។
ជាមួយគ្នានោះ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីកើនដល់ ២៣៤នាក់ ក្នុងនោះ មានប្រុស១១៩នាក់ និងស្រី១១៥នាក់ផងដែរ៕
ប្រភព: ក្រសួងព័ត៌មាន