ឃាត់ខ្លួន​ពលករគេចខ្លួនពីចត្តាឡីស័ក យកទៅ​​​សួរនាំបែកធ្លាយបន្តបន្ទាប់ ​​៣នាក់​

385

ខេត្ត​បន្ទាយ​មាន​ជ័​យ ​៖ ​ជនសង្ស័យ​​​ប្រុសស្រី​សរុប​ចំនួន​ ៣​នាក់​ ក្នុង​នោះម្នាក់ជាមេខ្យល់ និង​​ ២នាក់ទៀត​ជាអ្នកនាំផ្លូវ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ ​​ចាប់ឃាត់ខ្លួន​​កាលពីវេលា​ម៉ោង​១១និង​៣៧​នាទី ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១​ ស្ថិត​ភូមិ​ចំបក់ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ ។

លោក​វរៈសេនីយ៍ឯក បេន សំអាត អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ​បាន​ប្រាប់​ថា ​ជនសង្ស័យ​ទាំង​៣​នាក់​​ខាងលើ រួម​មាន​ ១-​ឈ្មោះ វង់ សា​រឿ​ន ភេទ​ស្រី អាយុ​៥៣​ឆ្នាំ​ (​ជា​មេខ្យល់​នាំ​ពលករ​ឆ្លង​ដែន​)​ រស់នៅ​ភូមិ​ចំ​ប៉ក់ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ២-ឈ្មោះ សា​រិ​ន ចាន់​ម៉ៅ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ ​(​ជា​អ្នក​នាំ​ឆ្លង​ដែន​)​ រស់នៅ​ភូមិ​ដំបូក​វិល ឃុំ​ម៉ាឡៃ ​ស្រុក​ម៉ា​ឡៃ ៣-​ឈ្មោះ ឃាត ខុន ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ (​​ជា​អ្នក​នាំ​ឆ្លង​ដែន​)​ រស់នៅ​ភូមិ​ឈើទាល ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ា​ឡៃ​ ។

លោកអធិការ​​ស្រុកបាន​បញ្ជាក់​ថា​ ​នៅ​មុន​ពេល​ឃាត់​ជនសង្ស័យ​​ទាំង​​​៣​នាក់​ខាងលើនេះ​​​ គឺ​កម្លាំង​ដែល​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​បាន​ឃាត់​ពលករ​លួច​ឆ្លង​ដែន​ពី​ថៃ​ចូល​មក​កម្ពុជា​ ដោយ​គេចវេស​ពី​ធ្វើ​ច​ត្តា​ឡី​ស័ក​ ហើយ​ឃាត់​នាំ​យក​សាកសួរ ​និង​ទទួល​ព័ត៌មាន​ហើយ ទើប​​ដឹក​ទៅ​ដាក់​នៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​នៅ​ស្រុក​ម៉ា​ឡៃ​។

លោក​វរៈសេនីយ៍ឯក បេន សំអាត បាន​បញ្ជាក់​ថា​ ​ក្រោយ​ទទួល​ព័ត៌មាន​ពី​ពលករ​ចំណាកស្រុក​ខុសច្បាប់​​រួចមក កម្លាំង​ដែល​ឈ​ជើង​តាម​បន្ទាត់​​ព្រំ​​ដែន​សហការ​ជាមួយ​ក​​ម្លាំ​ង​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​បាន​៣​នាក់​​ក្នុងនោះ​ម្នាក់​ជា​មេខ្យល់​ និង​២​នាក់ទៀត​ជាអ្នកនាំ​​ផ្លូវ ក្រោយ​ពេល​សាកសួរ​រួចហើយ កម្លាំង​សមត្ថកិច្ច​​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​ ៕