អភិបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យនៅទីតាំងផ្ទះសំណាក់មួយកន្លែង ដែលជនជាតិវៀតណាមចំនួន០៣នាក់ ស្នាក់នៅ សង្ស័យមានផ្ទុកកូវីដ១៩

1054

ព្រះសីហនុ៖ រសៀលថ្ងៃសៅរ៍ ៨រោជ ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ នៅទីតាំងផ្ទះសំណាក់មួយកន្លែង ស្ថិតនៅឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជនជាតិវៀតណាមចំនួន ០៣នាក់ បានស្នាក់នៅ ដោយពួកគាត់មានការឡើងកំដៅខ្លាំង ហើយត្រូវបានក្រុមគ្រូពេទ្យយកសំណាក ក្នុងនោះអ្នកពាក់ព័ន្ធជាជនជាតិខ្មែរចំនួន ០៣នាក់ទៀតដែលជាម្ចាស់ផ្ទះសំណាក់ ក៏ត្រូវបានយកសំណាកផងដែរ ដោយឡែកផ្ទះសំណាក់នេះត្រូវបានហ៊ុព័ទ្ធទុកធ្វើជាចត្តាឡីស័កជាបណ្តោះអាសន្នសិន។ ជាមួយគ្នានេះដែរ អាជ្ញាធរក៏បានណែនាំឱ្យក្រុមគ្រួសាររបស់ម្ចាស់ផ្ទះសំណាក់ដែលស្នាក់នៅផ្ទះផ្សេងមួយកន្លែងទៀត ត្រូវធ្វើចត្តាឡីស័កនៅក្នុងផ្ទះ និងតាមដានសុខភាពរយ:ពេល១៤ ថ្ងៃផងដែរ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានប្រសាសន៍ថាទោះបីករណីនេះជាការសង្ស័យ ក៏យើងត្រូវបង្កើនការប្រុងប្រយ័ត្ន និងយកសំណាកទៅធ្វើតេស្តដើម្បីមានភាពប្រាកដប្រជា និងហ៊ុមព័ទ្ធទីតាំង ព្រមទាំងធ្វើចត្តាឡីស័កអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល។ ក្នុងនោះឯកឧត្តម ក៏បានផ្តល់ការណែនាំដល់គណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងដឹកនាំការងារអនុវត្តឱ្យបានហ្មត់ចត់បំផុតដោយសហការជាមួយជំនាញពាក់ព័ន្ធ ជាពិសេសមន្ត្រីជំនាញសុខាភិបាល ដើម្បីគ្រប់គ្រងលើទីតាំងដែលមានការសង្ស័យ និងស្រាវជ្រាវស្វែងរកអ្នកដែលមានការពាក់ព័ន្ធ សំដៅទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕