បន្ទាយមានជ័យ ៖ អនុវត្តតាមដីកាលេខ០០៩/២០២១ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនក្លែងបន្លំឯកសណ្ឋានយោធា ជានាយទាហានឋានន្តរស័ក្ត ឧត្ដមសេនីយ៍ទោ។
លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ដោយទទួលបានបទបញ្ជារពីរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង២២ និង០០នាទី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះអនុវត្តដីកាលេខ០០៩/២០២១ ចេញដោយលោក ម៉ែន ហុង ព្រះអាជ្ញារង នៃអយ្យការអមតុលាការយោធា ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិអូរកន្ថោរខាងត្បូង សង្កាត់អូរកន្ថោរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ការឃាត់ខ្លួននេះ ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានយោធា ជានាយទាហានឋានន្តរស័ក្ត ឧត្ដមសេនីយ៍ទោ និងក្លែងលិខិតសាធារណៈ ព្រមទាំងឆបោក នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បញ្ជូនទៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តចាត់ការ បន្តតាមនីតិវិធី ។
លោកវរសេនីយ៍ទោ ធៀម ភក្ដី ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយការនាំខ្លួនជនសង្ស័យមកដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរួចមក ជនសង្ស័យត្រូវបានបញ្ជូនបន្តទៅ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
(សៅនៅ)