គួរឲ្យអណោចអធ័ម! ក្មេងប្រុស ៣នាក់​ ក្នុងចំណោម ៤នាក់ បានលង់ទឹកស្លាប់ ពេលនាំគ្នាដើរឃ្វាលគោ

491

(ព្រះវិហារ)៖  ក្មេងប្រុស៣នាក់ ក្នុងចំណោម៤នាក់ បានលង់ទឹកស្រះស្លាប់បាត់បង់ជីវិត ខណៈនាំគ្នាចុះលេងទឹក ពេលកំពុងឃ្វាលគោ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ។

តាមការបំភ្លឺពីក្មេងប្រុសដែលនៅរស់ឈ្មោះ ផាត សុផានិត បានប្រាប់ថា ពួកគេទាំង ៤នាក់ បាននាំគ្នាទៅមើលគោ បន្ទាប់មកក៏បាននាំគ្នាទៅលេងទឹកស្រះ។ ពេលដែលចុះលេងបានមួយភ្លែត ស្រាប់តែប្អូនរបស់គេ និងមិត្តភ័ក្ត២នាក់ទៀត បានលិចទៅក្នុងទឹក បន្ទាប់មកគេក៏បានយកឈើឲ្យតោងតែពួកគេបានលិចទៅក្នុងទឹកបាត់ទាំង ៣នាក់តែម្តង ឃើញដូច្នោះឈ្មោះ ផាត សុផានិត ក៏បានរត់មកហៅឲ្យគេទៅជួយ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ៖ ទី១៖ ឈ្មោះ ជេត ផល់ ភេទ ប្រុស អាយុ ១០ឆ្នាំ មុខរបរសិស្ស ទី២៖ ឈ្មោះ សុខ ចិត្រា អាយុ៩ឆ្នាំ មុខរបរសិស្ស និងទី៣៖ ឈ្មោះ ផាត ចាន់បុត្រ ភេទប្រុស អាយុ ៦ឆ្នាំ មុខរបរសិស្ស ។

ក្រោយពីបានពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពក្មេងប្រុសទាំង ៣នាក់ ទៅក្រុមគ្រួសារពួកគេ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕