ក្រសួងប្រកាសហើយមុននេះ អ្នកឆ្លងថ្មី ៤៩ នាក់ ភ្នំពេញច្រើនជាងគេបំផុត

270

នៅព្រឹកថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២១ នេះ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា មានករណីវិជ្ជមានកូវិដ១៩ ថ្មី មានចំនួន៤៩ នាក់ទៀត អ្នកឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន ៤៨ នាក់ និងករណីនាំចូលពីក្រៅ ចំនួន ១ នាក់ និង មានករណីជាសៈស្បើយចំនួន ២១ នាក់ ។

ក្នុងនោះរួមមាន ភ្នំពេញ​ ២៤នាក់​ ខេត្តព្រះសីហនុ​ ១២នាក់​ ខេត្តព្រៃវែង​ ១១នាក់​ និងខេត្តកណ្តាល​ ២នាក់​ ដូច្នេះចំនួនសរុបកេីន​ ១០៦០នាក់​ ។

តាមរយៈការអំពាវនាវ ក្រសួង មានសង្ឃឹម យ៉ាងមុតមាំលើការសហការអនុវត្តន៍វិធានការសុខាភិបាលរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកដែលមានការប៉ះពាល់ ឬមាន ទំនាក់ទំនងទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅតាមទីតាំងនានា ដោយអនុវត្តន៍កិច្ចការពារខ្លួនឱ្យបានខ្ជាប់ខ្ជួន ដូចខាងក្រោម៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ដាក់ឱ្យអនុវត្តន៍រួចហើយនូវវិធានការការពារ (ពាក់ម៉ាស់លាងដៃឱ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព បុគ្គល មួយម៉ែត្រកន្លះឡើង) និង ៣កុំ (កុំទៅកន្លែងដែលមានមនុស្សកុះករកកកុញច្រើន កុំទៅកន្លែងដែលបិទជិត គ្មានខ្យល់ចេញចូល ប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និងកុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នា នៅពេលជួបគ្នាធ្វើគាវរកិច្ច គ្នា ជាដើម) ដែលចាំបាច់នៅពេលនេះ ត្រូវតែអនុវត្តន៍ឱ្យបានគ្រប់គ្នាៗ ដោយមិនមានការធ្វេសប្រហែសឡើយ។

ត្រូវអនុវត្តន៍ការធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ឱ្យបានត្រឹមត្រូវ សម្រាប់អ្នកដែលតម្រូវឱ្យធ្វើចត្តាឡីស័ក នៅតាមទី កន្លែងចត្តាឡីស័កក្តី ឬនៅតាមផ្ទះសម្បែងរបស់ខ្លួន។

ត្រូវចូលរួមធ្វើតេស្តវិភាគរកវីរុសកូវីដ-១៩ ប្រសិនបើសង្ស័យថាមានការប៉ះពាល់អ្នកជំងឺកូវីដ-១៩ ឬមានរោគសញ្ញា សង្ស័យជំងឺកូវីដ-១៩ ឬមានជំងឺផ្តាសាយដែលសង្ស័យ និងដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីគេភ្លាមៗ។

ត្រូវគ្រប់គ្រងកូនចៅនៅតាមគ្រួសារនីមួយៗឱ្យបានហ្មត់ចត់ជាទីបំផុត ដោយឱ្យនៅផ្ទះ។ សម្រាប់មនុស្សពេញវ័យ ប្រសិនបើមិនមានការចាំបាច់ ត្រូវនៅផ្ទះ ត្រូវផ្អាក ឬពន្យាពេល នូវរាល់ការជួបជុំ ឬការប្រមូលផ្ដុំស៊ីផឹកដែលមានការ ជួបជុំគ្នាច្រើន ដូចជាពិធីរៀបអាពាពិពារហ៍ ពីធីឡើងផ្ទះ ឬពិធីជួបជុំគ្នាច្រើន និងចាំបាច់ត្រូវតែអនុវត្តន៍នូវវិធានការ ការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលអាចកាត់បន្ថយបានជាអតិប្បរិមានូវហានិភ័យនៃការចម្លងបន្តគ្នា ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតដោយមិនដឹងខ្លួន ៕

ប្រភព:sabay