ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១–
ឯកឧត្ដម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួន នៅថ្ងៃ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១នេះថា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជំរុញការលើកទឹកចិត្ត ដល់មន្ត្រីតាមមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចរាជធានី ខេត្ត ឱ្យបន្តកិច្ចសហការ និងស្តាប់ការណែនាំអាជ្ញាធរខេត្ត ក្នុងគោលបំណងតែមួយដូចគ្នា គឺអនុវត្តន៍តាមបទបញ្ជា និងអនុសាសន៍សំខាន់ៗ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការ ពារទប់ស្កាត់នូវបញ្ហាកូវីដ-១៩ និងដើម្បីប្រឆាំងនឹងកូវីដ-១៩ ឱ្យចេញផុតពីភពផែនដី ។
ឯកឧត្ដម ណុប ចាន់ណារិន្ទ បានបញ្ជាក់ទៀតថា យោងលើស្ថានភាពបច្ចុប្បន្ន ស្តីពីការប្រឈមទៅនឹងបញ្ហាកូវីដ-១៩ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងថ្នាក់ដឹកនាំ ក្រសួង បានពិនិត្យឃើញថា ក្រៅពីការទទួលខុសត្រូវរបស់មន្ត្រីថ្នាក់កណ្តាល ក៏ឃើញមានថ្នាក់ដឹកនាំ និងមន្ត្រី នៅតាមមន្ទីររាជធានី- ខេត្ត បានខិតខំយកអស់ពីសមត្ថភាព ប្រាជ្ញាស្មារតី កម្លាំងកាយ ចិត្ត ក្នុងការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្សព្វផ្សាយវិធានការ ការពារ និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅតាមសហគមន៍ ជាមួយថ្នាក់ដឹកនាំរាជធានី-ខេត្ត។ ពិសេសតាមបណ្តាខេត្តជាគោលដៅមួយចំនួន ដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល កំពង់ស្ពឺ បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់ និងថ្មីៗនេះនៅខេត្តព្រៃវែង ។
ឈរលើស្មារតីនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង សូមកោតសរសើរដោយស្មោះចំពោះការខិតខំរបស់ថ្នាក់ដឹកនាំ និងមន្ត្រី តាមមន្ទីរទាំងអស់ ដោយសូមលើកទឹកចិត្តឱ្យបន្តកិច្ចសហការជាមួយអាជ្ញាធរខេត្ត ឱ្យបានកាន់តែសកម្មថែមទៀត ស្របតាមបទបញ្ជា និងអនុសាសន៍សំខាន់ៗ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារ ទប់ស្កាត់នូវបញ្ហាកូវីដ-១៩ និងតាមដានការណែនាំជាសារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យបានជាប់ជាប្រចាំ សំដៅអនុវត្តន៍ឱ្យបានប្រសិទ្ធភាព ៕
ប្រភព:ក្រសួងព័ត៌មាន