ភ្នំពេញ៖ លោកបណ្ឌិតសាស្ត្រាចារ្យ គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កម្ពុជានៅតែទទួលផលប្រយោជន៍ ពីគំនិតផ្តួចផ្តើម ខ្សែក្រវាត់មួយ ផ្លូវមួយ របស់ប្រទេសចិន ទោះបីជាក្នុងបរិបទជំងឺកូវីដ-១៩ រាតត្បាតជាសកលក៏ដោយ។
លោកបន្តថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ ក្រោមគម្រោងរបស់ចិន នៅតែដំណើរការជាធម្មតានៅកម្ពុជា ដូចជា ការសាងសង់ផ្លូវ
ល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាដើម មិនប៉ះពាល់ដល់ដំណើរការដោយសារតែកូវីដ-១៩ រារាំងតែការធ្វើដំណើររបស់មនុស្សប៉ុណ្ណោះ មិនអាចបានរាំងស្ទះដល់ហិរញ្ញវត្ថុនិងទំនិញទេ។ ក្រៅពីនេះ សមិទ្ធផលអគារខ្ពស់ៗជាច្រើននៅខេត្តព្រះសីហនុ ក្រោមការវិនិយោគរបស់ចិនបានបង្ហាញកាន់តែច្បាស់ថា ពុំមានអ្វីរាំងស្ទះដល់ការអភិវឌ្ឍទេ។
លោកបណ្ឌិតលើកឡើងបែបនេះស្របពេលដែលមហាសន្និបាតសភាទាំងពីររបស់ប្រទេសចិន កំពុងប្រព្រឹត្តទៅនៅប្រទេសចិន ។
លោកបណ្ឌិតក៏បានលើកឡើងពីការដែលកម្ពុជាត្រៀមទទួលបានផ្លែផ្កាពីមហាសន្និបាតសភាទាំងពីររបស់ប្រទេសចិន នៅឆ្នាំ២០២១នេះដែរ
តាមរយៈពាណិជ្ជកម្មសេរី រវាងកម្ពុជានិងចិន ដែលត្រូវបានចុះហត្ថលេខានិងអនុវត្តបណ្តើរៗមកហើយ ប៉ុន្តែលោកសង្ឃឹមថា កម្ពុជានឹងពង្រឹងសមត្ថភាព ផ្តោតលើធនធានមនុស្ស ដើម្បីទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងមួយនេះពីប្រទេសចិន៕
ប្រភព:ក្រសួងព័ត៌មាន