កណ្ដាល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១–

នៅរសៀលថ្ងៃ១១រោ ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី០៩ ខែមីនាឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ ចុះសំណេះសំណាល និងសួរសុខទុក្ខ ប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាល នៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន តាខ្មៅ និងមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សា ព្រែកតាពៅ ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានសម្ដែងនូវការអបអរសាទរ ដល់បងប្អូនប្រជាពលរដ្ឋទាំង ៨៧នាក់ ដែលបានធ្វើចត្តាឡីស័កបានត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាល ព្រមទាំងផលធ្វើតេស្តរកមេរោគកូវី-១៩ ចំនួន៣ដងហើយ លទ្ធផលមិនមានអ្នកណាម្នាក់មានផ្ទុកមេរោគកូវីដ-១៩ឡើយ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តកណ្ដាល ក៏បានធ្វើការអប់រំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្ទាប់ពីត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ត្រូវអនុវត្តន៍ឱ្យបានល្អនូវវិធានការការពារមេរោគកូវីដ-១៩ ៣ការពារ ៣កុំ នោះគឺ ៣ការពារគឺ៖ ១.ពាក់ម៉ាសជាប្រចាំ ២.លាងដៃជាមួយអាកុល សាប៊ូ ឬជែល ឱ្យបានញឹកញាប់ ៣.រក្សាគម្លាតសង្គម គម្លាតបុគ្គល យ៉ាងតិច១ម៉ែត្រកន្លះឡើងទៅ និង ៣កុំគឺ៖ ១.កុំចូលទៅកន្លែងដែលបិទជិត គ្មានខ្យល់ចេញ-ចូល និងម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើន ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មា កុំឱបគ្នាជាដើម។

សូមបញ្ជាក់ផងដែរថា នៅទូទាំងខេត្តកណ្ដាលគិតត្រឹមល្ងាចថ្ងៃទី០៩ ខែមីនាឆ្នាំ២០២១ នេះ មានអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល មានចំនួន ៧.១៨៤នាក់ និងបានយកសំណាកទៅពិនិត្យចំនួន ៦.៥១៣នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលមានចំនួន ១.២១៧នាក់ និង អ្នកធ្វើចត្តាឡីស័កនៅផ្ទះមានចំនួន ៥.៨២២នាក់៕

ប្រភព:ក្រសួងព័ត៌មាន