សៀមរាប ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១
លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារទៅសម្របសម្រួល និងដឹកជញ្ជូនបងប្អូនពលករពីខេត្តបន្ទាយមានជ័យ ចំនួន៣២៤នាក់ ក្នុងនោះស្រីចំនួន១៣៨នាក់ តាមរថយន្តយោធាចំនួន១៧គ្រឿង ឆ្ពោះមក កាន់មណ្ឌលចត្តាឡីស័កនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប បន្ទាប់ពីការ ប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានសម្រេចបិទការធ្វើចត្តាឡីស័ក នៅតាម ព្រំដែនសម្រាប់អ្នកដែលមានសុខភាពធម្មតា។ បើគិតចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ ពលករខ្មែរដែលធ្វើចត្តាឡីស័ក នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ ត្រូវបានដឹក មកកាន់ខេត្តសៀមរាប រយៈពេល៣ថ្ងៃនេះមានប្រមាណ៧២៥នាក់ហើយ។ ចំពោះពលករ ដែលបានពិនិត្យសំណាកហើយមានលទ្ធផលអវិជ្ជាមាន និងបានធ្វើចត្តាឡីស័កគ្រប់ តាមការកំណត់ និងត្រូវបានដឹកជញ្ជូនទៅកាន់មូលដ្ឋានផ្ទាល់។
គួររម្លឹកថា តាមរយៈសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ សម្ដេចតេជោ បាន បញ្ជាក់ថា បន្ទាប់ពីពិនិត្យលើសភាពការណ៍នៅក្នុងព្រះរាជាណាចក្រថៃ គឺសម្ដេចសម្រេច បិទការធ្វើចត្តាឡីស័កនៅតាមព្រំដែនសម្រាប់អ្នកដែលមានសុខភាពធម្មតា ប៉ុន្តែនឹងត្រូវ បន្តឱ្យមានការធ្វើចត្តាឡីស័កចំពោះអ្នកដែលមានការសង្ស័យ ។
ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ, ៣ កុំ ចូលរួម ស្កេន QR Code ឱ្យបានខ្ជាប់ខ្ជួន និងចូលរួមស្ម័គ្រចិត្តយកសំណាក ក្នុងករណី បងប្អូន ទើបតែមក ឬពាក់ព័ន្ធនឹងកន្លែងដែលមានហានិភ័យ ដែលក្រសួងសុខាភិបាល បានប្រកាស កន្លងមក ក្នុងនោះសូមម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន ហាងទំនិញ ផ្សារ សូមចុះឈ្មោះស្នើសុំ QR Code ដើម្បីចូលរួមចំណែក បង្ការ ទប់ស្កាត់ និងងាយស្រួលស្រាវរកអ្នក មានពាក់ព័ន្ធនឹងជំងឺកូវីដ ១៩៕
ប្រភព: ក្រសួងព័ត៌មាន