(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីបំភ្លឺស្តីពីករណីបង្ហោះ ព័ត៌មានក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook របស់គណនីឈ្មោះ Pich Sros-ពេជ្រ ស្រស់ ដែលបានផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គមថា ប្រជាពលរដ្ឋ ១៩គ្រួសារ រស់នៅសង្កាត់ស្លក្រាម កើតទុកមិនសុខចិត្តជាមួយអាជ្ញាធរខេត្តសៀមរាប ដែលបណ្តេញពួកគាត់ចេញពីលំនៅដ្ឋានរបស់ពួកគាត់ ដែលពួកគាត់មានចុះបញ្ជីដីធ្វើប្លង់កម្មសិទ្ធិត្រឹមត្រូវទាំងផ្ទះរបស់ពួកគាត់ ដោយគ្មានប៉ះពាល់គម្រោងអភិវឌ្ឍន៍របស់រដ្ឋនោះឡើយ។

ទាក់ទិននឹងការផ្សាយខាងលើ រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ និងជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិថា ការលើកឡើងរបស់ម្ចាស់គណនីខាងលើ គឺពុំត្រឹមត្រូវនោះឡើយ ដោយហេតុថាករណីប្រជាពលរដ្ឋ ១៩គ្រួសារនេះ គឺបានទៅរស់នៅ និងសាងសង់សំណង់លំនៅដ្ឋាន លើដីប្រព័ន្ធការពារដែលជាដីសាធារណៈរបស់រដ្ឋទាំងស្រុង ដែលមានទីតាំងស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ឲ្យដឹងថា ទីតាំងដីលំនៅដ្ឋានមិនរៀបរយរបស់ប្រជាពលរដ្ឋ១៩គ្រួសារខាងលើនេះ គឺស្ថិតនៅក្នុងតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ហើយក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ(LMAP) បានចុះវាស់វែង និងបានចេញបង្កាន់ដៃ ចំពោះអ្នកដែលបានបង្ហាញព្រំដី និងអ្នកដែលបានផ្តល់ទិន្នន័យក្បាលដីដល់ក្រុមការងារ ប៉ុន្តែបង្កាន់ដៃដែលក្រុមការងារផ្តល់ជូននេះ គឺគ្រាន់តែជាការប្រមូលទិន្នន័យ និងព័ត៌មានក្បាលដីប៉ុណ្ណោះ ដោយពុំបានកំណត់ទទួលស្គាល់ភាពជាកម្មសិទ្ធិករស្របច្បាប់នៅលើដីនោះទេ និងមិនអនុញ្ញាតឲ្យយកបង្កាន់ដៃនេះ ទៅធ្វើការលក់ដូរ ផ្ទេរសិទ្ធិ និងបញ្ចាំបានឡើយ។

រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់បន្ថែមថាដោយ​យោង​តាម​តម្រូវការ​ចាំបាច់​ និង​ដើម្បី​បម្រើ​ផលប្រយោជន៍​សាធារណៈ ​ស្របតាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​លើ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨ ខ្សែ​ក្នុង​ក្រុង​សៀមរាប ​រដ្ឋបាល​ខេត្ត​បាន​ចេញ​សេចក្តី​ជូនដំណឹង ឲ្យប្រជាពលរដ្ឋ ១៩ គ្រួសារ​រុះរើ​លំនៅ​ដ្ឋាន ​និង​សំណង់​ការ្យ​ផ្សេងៗ​ចេញពី​ដី​ប្រព័ន្ធ​ការពារ​ ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ និង​បាន​រៀបចំ​ដី​សម្រាប់​ដោះស្រាយ​គោលនយោបាយ​ ស្របតាម​គោលការណ៍​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋ​ដើម្បី ឲ្យពួកគាត់​ទៅ​រស់នៅ​ទីតាំង​ផ្សេង​។

ប្រភព: ក្រសួងព័ត៌មាន