នៅព្រឹកថ្ងៃ១២រោច ខែផល្គុនឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃពុធទី១០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀម រាប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានចាត់ ឯកឧត្ដម គុជ លីណា ដែលជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ទៅឧបត្ថម្ភ ដល់ក្រុមការងារត្រួតពិនិត្យសុខភាពបឋម នៅកំណត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចព្រំប្រទល់ខេត្តសៀមរាប និងខេត្តកំពង់ធំ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩។

​​​     ​អំណោយមនុស្សធម៌ដែលបាននាំយកទៅនាពេលនោះ រួមមាន៖មី៣០កេស ត្រីខ២០យួរ ទឹកបរិសុទ្ធ១៥កេស ទឹកផ្លែឈើ៥កេស ទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ១យួរ។

 

នៅក្នុងពិធីជួបសំណេះសំណាលនាឱកាសនោះ ឯកឧត្តម គុជ លីណា មានប្រសាសន៍ថា នេះជាដំណាក់កាលដែលយើងទាំងអស់គ្នា ត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កាន់តែរីករាលដាលហើយ។ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងសូមសរសើរចំពោះមន្ត្រី និងក្រុមការងារប្រចាំការនៅទីនេះ ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាមិនថាយប់ មិនថាថ្ងៃ ខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏កាចសាហាវជាសកលនេះ។

ឯកឧត្តម គុជ លីណា បានបន្ថែមថា អំណោយដែលឧបត្ថម្ភនាពេលនេះ ទោះបីមានចំនួនតិចតួចក្ដី តែនេះជាការចូលរួម ក៏ដូចជាការលើកទឹកចិត្តដល់មន្ត្រី និងក្រុមការងារដែលកំពុងបំពេញភារកិច្ចដ៏សកម្មនៅទីនេះ ដើម្បីសុខសុវត្ថិភាពសាធារណៈក្នុងសហគមន៍យើង៕

ប្រភព៖​ ក្រសួងព័ត៌មាន