ភ្នំពេញ៖ មន្ត្រីជំនាញក្រសួងមហាផ្ទៃបានជំរុញលើកទឹកចិត្តដល់ស្ត្រី ឱ្យចូលរួមកាន់តែច្រើន ក្នុងការងារក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីឱ្យស្ត្រីមានឱកាសកាន់តែច្រើនក្នុងការចូលរួមបញ្ចេញមតិ និងចូលរួមអភិវឌ្ឍន៍ឃុំសង្កាត់របស់ខ្លួន ព្រោះស្រី្តជាធនធាន ដ៏សំខាន់ដែលមិនអាចខ្វះបាន។

លោក ញ៉ាវ តង អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានប្រាប់វិទ្យុជាតិកម្ពុជាថា ស្ត្រីទាំងអស់ត្រូវរៀនបង្កើនសមត្ថភាពឱ្យបានល្អ ដើម្បីរួមគ្នាគិត រួមគ្នាដោះស្រាយ បង្កើតនៅការទទួលខុសត្រូវដើម្បីអភិវឌ្ឍន៏ប្រទេសជាតិ។ លោកបានបន្តថា គ្រប់ស្ថាប័នទាំងអស់ក៏បានលើកទឹកចិត្ត ដល់ស្ត្រីគ្រប់រូប ឱ្យស្វែងយល់ការងារឱ្យបានច្បាស់លាស់ពីបញ្ហា ពីប្ញសគល់ ពីស្ថានភាព និងដំណើរការ ដោយត្រូវចេះ បន្សាំខ្លួនរស់នៅតាមបែបគន្លងថ្មី។

សំឡេង៖ «ពិតមែនហើយពីដើមមក ស្រី្តយើងវិលចង្ក្រានមិនជុំ អ៊ីចឹងហើយយើងទាមទារឱ្យបុរសឬគ្រប់អ្នកពាក់ព័ន្ធ​ទាំងអស់ លើកទឹកចិត្តដល់ស្ត្រី គាំទ្រដល់ស្ត្រី គឺយើងត្រូវគាំទ្រគាត់និងលើកទឹកចិត្ត បណ្តុះបណ្តាលដល់ស្ត្រី ដើម្បីបង្ហាញពី​​ភាពទទួល ខុសត្រូវការងារពង្រឹងសមត្ថភាពការងារគាត់ ដើម្បីឱ្យគាត់មានភាពក្លាហាន«​​មិនមែនយកស្ត្រីមក​បម្រើតែទឹក​តែនោះទេ» គឺត្រូវពង្រឹងសម្ថតភាពរបស់គាត់ហ៊ានទទួលខុសត្រូវកន្លែ​ងនេះទើបគាត់ឯងស​ម្រេចការងារនេះ​បាន»។

សូមបញ្ជាក់ថា បច្ចុប្បន្ន ស្ត្រីស្ថិតក្នុងការងារក្របខ័ណ្ឌក្រសួងមហាផ្ទៃជាង២ម៉ឺននាក់។ ក្នុងនោះ ថ្នាក់ ឃុំសង្កាត់ មានសមាជិក ក្រុមបឹក្សាឃុំសង្កាត់ស្ត្រីរហូតដល់ ចំនួន ៦៣៥២រូប ស្មើនឹង៣៩,១១ភាគរយ ។ ជាក់ស្តែងអភិបាលរាជធានីខេត្តជាស្ត្រី មានចំនួន២រូបខេត្ត គឺខេត្តកោះកុងនិងខេត្តប៉ៃលិន ដែលមានស្ត្រីជាគណៈអភិបាលខេត្ត ៕

ប្រភព៖​ ក្រសួងព័ត៌មាន