រដ្ឋបាលខេត្តកំពង់ចាម ផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានាជាបណ្តោះអាសន្ន

401

រដ្ឋបាលខេត្តកំពង់ចាមសម្រេចផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀងនិងការជួបជុំតាមបែបសាសនានា​​នាជាបណ្តោះ​អាស​ន្នរយៈពេល២សប្តាហ៍ដោយសារស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវី-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅតែបន្តកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមបានឱ្យដឹងថា ដោយសង្កេតឃើញថាមានបងប្អូនប្រជាពល​រដ្ឋមួយចំនួនតូច នៅបន្តរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានាដែ​លមានការប្រមូលផ្តុំមនុ​ស្សជាច្រើននិ​ងពិធីផ្សេងៗទៀត គួបផ្សំនឹងបងប្អូនប្រជាពលរដ្ឋមួយចំនួន នៅតែមានការធ្វេសប្រហែសមិនបាន​អនុវត្តខ្ជាប់ខ្ជួននូវវិធានការអនាម័យ និងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមវិធានការ «៣កុំនិង ៣ការពារ» ដែលកត្តាទាំងនេះ បានបង្កជាហានិភ័យខ្ពស់ក្នុងការចម្លងនិងការឆ្លងរាលដាលនៃជម្ងឺកូវី៥-១៩ចូលក្នុងសហគមន៍ ។

សេចក្តីជូនដំណឹងបានបន្តថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់មន្ត្រីជំនាញបន្តការស្រាវជ្រាវនិងកំណត់​មុខសញ្ញាដែលមាន​ហានិភ័យខ្ពស់ និងដើម្បីកាត់ផ្តាច់ខ្សែចម្លងចូលក្នុងសហគមន៍ រដ្ឋបាលខេត្តកំពង់ចាម សូមធ្វើការណែនាំដល់ លោកអភិបាលនៃ​គណៈអភិបាលក្រុង-ស្រុក លោក-លោកស្រីមេឃុំ-ចៅសង្កាត់ ក្នុងខេត្តកំពង់ចាម ត្រូវតែផ្អាកជាប​​ណ្តោះអាស​ន្ននូវការអនុញ្ញាតច្បាប់សម្រាប់រៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានាក្នុងរូបភាពប្រមូល​ផ្តុំមនុស្សច្រើនចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ។

ត្រូវធ្វើការអប់រំណែនាំម្ចាស់ពិធី ដែលបានស្នើសុំរួចឱ្យគាត់លើកពេល ឬផ្អាកពិធីដែលមានការប្រមូលផ្តុំមនុស្សច្រើន ក្នុងរយៈពេល២សប្តាហ៍សិន។

លិខិតរដ្ឋបាលខេត្តដែលចេញនាពេលនេះ មិនមានប្រតិកម្មជាមួយលិខិតអនុញ្ញាតរបស់រដ្ឋបាលក្រុង-ស្រុក ឃុំសង្កាត់ដែលបានអនុញ្ញាត​​​រួចហើយនោះទេ តែត្រូវណែនាំឱ្យកាត់បន្ថយភ្ញៀវចូលរួមជាអប្បបរមា និងរក្សាគម្លាតសុវត្ថិភាពសង្គម ពិសេសត្រូវរៀបចំតុអាហារមិនឱ្យលើស ពី០៥នាក់(ប្រាំនាក់) ក្នុងមួយតុ។

ប្រភព៖ ក្រសួងព័ត៌មាន

ប្រភពបានបន្ថែមទៀតថា ក្នុងករណីដែលម្ចាស់ពិធីមិនចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល នៅបន្តរៀបចំពិធីដោយពុំមានការអនុញ្ញាត និងមិនគោរពតាមវិធានការអនាម័យ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវចុះបិទឬផ្អាកពិធីនៃការជួបជុំនោះជាបន្ទាន់។ត្រូវអនុវត្តវិធានការច្បាប់ដែលមានជាធរមានចំពោះជនណា ដែលបំពានការណែនាំនិងមិនសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ក្នុងការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ម្យ៉ាងវិញទៀត ក្នុងករណីការផ្អាកជាបណ្តោះអាសន្នការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាស​នានានាជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍នេះ ប្រសិនបើព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ នៅតែបន្តកើនឡើងនោះ គឺត្រូវបន្តផ្អាកជាបណ្តោះអាសន្នបន្ថែមទៀតរហូតដល់ រដ្ឋបាលខេត្ត ចេញសេចក្តីជូនដំណឹងឱ្យដំណើរការពិធីឡើងវិញ ។

អាស្រ័យហេតុនេះ សូមលោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក លោក លោកស្រីមេឃុំ-ចៅសង្កាត់ ត្រូវអនុវត្តយ៉ាងម៉ឺង​ម៉ាត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមចំណែកជាមួយនឹង​រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់​ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសដើម្បីកាត់ផ្តាច់នូវខ្សែចម្លងក្នុងសហគមន៍ ៕