រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍ នៅព្រឹកថ្ងៃទី១១ ខែមីនា ២០២១ អាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក បានចុះព័ន្ធបិទទីតាំងផ្ទះមួយកន្លែង ស្ថិតនៅផ្លូវ២៥៥ ដើម្បីឲ្យក្រុមគ្រូពេទ្យ រៀបចំយកសំណាកអ្នកពាក់ព័ន្ធ ព្រោះមានមនុស្សម្នាក់ បានឆ្លងវីរុសកូវីដ-១៩ រស់នៅក្នុងគ្រួសារមួយនេះ ។

បើយោងតាមរដ្ឋបាលខណ្ឌទួលគោក បានអោយដឹងថា ទីតាំងដែលអាជ្ញាធរមូលដ្ឋានចុះបិទគឺនៅផ្ទះលេខ១៥ EoE1 ផ្លូវលេខ២៥៥ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ចំពោះអ្នកវិជ្ជមាន កូវីដ១៩ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅពេទ្យរុស្សី ។

ដោយឡែកអ្នកពាក់ព័ន្ធនៅក្នុងផ្ទះនេះ មានចំនួន៨នាក់ (ស្រីទាំង៨នាក់) បានណែនាំអោយធ្វើចត្តាឡីស័កក្នុងផ្ទះតែម្តង ដោយកម្លាំងនគរបាលខណ្ឌ និងកម្លាំប្រជាការពារ បានហ៊ុមព័ន្ធផ្ទះខាងលើ ៕