លោក ឃិន ញ៉ាណ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ កាលពីថ្ងៃពុធ ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីយប់ថ្ងៃទី០៧​ខែមីនា ឆ្នាំ២០២១ បណ្តាលឱ្យខូចខាតផ្ទះសម្បែង ចំនួន២៧គ្រួសារ នៅសង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

លោក ឃិន ញ៉ាណ បាន​​​​​​​ចូលរួមសោកស្តាយជាមួយប្រជាពលរដ្ឋ ដែលបានជួបនូវគ្រោះធម្មជាតិខ្យល់កន្ត្រាក់បណ្តាលឱ្យខូចខាតផ្ទះសម្បែងនោះផងដែរ ហើយលោកក៏បានណែនាំឱ្យជនរងគ្រោះទាំងអស់កុំមានការអស់សង្ឃឹមឱ្យសោះ ព្រោះក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺមិនទុកឱ្យប្រជាពលរដ្ឋរស់ក្នុងភាពឯកោ ឬភាពអត់ឃ្លាននោះទេ។

 

ជាក់ស្តែងនៅពេលនេះអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអំណោយរបស់ក្រុមការងារខេត្ត ក្រុង និងសប្បុរសជនជាច្រើនទៀតត្រូវបាននាំយកមក ចែកជូនប្រជាពលរដ្ឋ បើទោះបីជាអំណោយនេះតិចតួចក៏ពិតមែន តែបានដោះស្រាយនៅការខ្វះខាតបានមួយគ្រាដែរ។ លោកក៏បានណែនាំបន្ថែមឱ្យប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាអនាម័យ ដើម្បីកុំឱ្យមានការឆ្លងមេរោគកូវីដ១៩ ហើយអនុវត្តន៍ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់សម្តេចតេជោហ៊ុន សែន គឺ៣កុំ និង៣ការពារ ។

សូមបញ្ជាក់ថា ក្នុងចំណោមពលរដ្ឋដែលរងគ្រោះទាំង២៧គ្រួសារ មាន១៣គ្រួសាររងគ្រោះធ្ងន់ ទទួលបានអំណោយរួមមាន៖ អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ និងឃីតមួយកញ្ចប់ ចំណែកប្រជាពលរដ្ឋរងគ្រោះស្រាលចំនួន១៤គ្រួសារ ទទួលបានអំណោយជាស័ង្កសី៕

ប្រភព៖ ក្រសួងព័ត៌មាន