ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បានលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ឱ្យចូលរួមដាក់ពាក្យស្នើសុំថវិកា ពីមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងអនុវត្តន៍ ដើម្បីបង្កើន បរិមាណ លើកកម្ពស់គុណភាព និង ពង្រីកសមធម៌នៃធនធានសិក្សាជាខេមរភាសា ជូនដល់ សិស្សនិស្សិត ដែលកំពុងសិក្សា និងស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា ។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យ ក្រសួង អប់រំ យុវជន និងកីឡា បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា មូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្ដន៍ ( មូលនិធិ ស.គ.ន.) បង្កើតឡើងក្នុងគោលដៅ បង្កើនបរិមាណ លើកកម្ពស់គុណភាព និងពង្រីកសមធម៌នៃធនធានសិក្សាជាខេមរភាសាជូនដល់សិស្ស-និស្សិត ដែលកំពុងសិក្សា និងស្រាវជ្រាវនៅកម្រិត ឧត្តមសិក្សា។ ក្រសួងបានធ្វើអាទិភាពវូបនីយកម្ម ទៅលើថវិកាមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ដែលទទួលបានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា សម្រាប់គាំទ្រដល់ការរៀបរៀង និពន្ធ និងកែលម្អសៀវភៅសិក្សា (Text book) ដែលនឹងត្រូវប្រើប្រាស់នៅកម្រិតឧត្តមសិក្សា។

អ្នកនាំពាក្យក្រសួងអប់រំ បានបន្ដថា ការចូលរួមនៃគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ក្នុងគម្រោង ការរៀបរៀង និពន្ធ និងកែលម្អសៀវភៅសិក្សា ជាការរួម ចំណែកលើកកម្ពស់ វប្បធម៌នៃការស្រាវជ្រាវ បំផុសគំនិតច្នៃប្រឌិត និងជំរុញការធ្វើនវានុវត្តន៍ ដើម្បីជាប្រយោជន៍ដល់វិស័យអប់រំ យុវជន និងកីឡា ដែលជាការឆ្លើយតបទៅនឹងទីផ្សារពលកម្ម និង សកលភាវូបនីយកម្ម និងជាពិសេស ការគាំទ្រដល់ការលើកកម្ពស់គុណភាពនៃការរៀន ការបង្រៀន និងការស្រាវជ្រាវ នៅកម្រិតឧត្តមសិក្សា “មុខវិជ្ជាមួយមុខ សៀវភៅសិក្សាមួយក្បាល”។

“ក្រសួងអប់រំ សូមលើកទឹកចិត្ត ជូនដល់គ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ឱ្យចូលរួមដាក់ពាក្យស្នើសុំថវិកាពីមូលនិធិ ស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ដើម្បីរៀបរៀង និពន្ធ និងកែលម្អសៀវភៅសិក្សា ឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍ដល់តម្រូវការដ៏ទទូច និងថ្លៃថ្លានៃនិស្សិតកម្ពុជាក្នុងការសិក្សា និងស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា”។

ឯកឧត្តមបានបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី២ ខែមិនា ឆ្នាំ២០២១ មានគ្រឹះស្ថានឧត្តមសិក្សាចំនួន១៧ បានដាក់ពាក្យស្នើសុំថវិកា សម្រាប់គាំទ្រដល់ការរៀបរៀង និពន្ធ និងកែលម្អសៀវភៅសិក្សា ស្មើនឹង ៨៥៦ចំណងជើង៕

ប្រភព៖ ក្រសួងព័ត៌មាន