សៀមរាប៖ ក្រុមយុវជនក្នុងខេត្តសៀមរាបគាំទ្រទិវាអំណានជាតិ ដែលបានជួយបំផុសស្មារតីនៃការអានសៀវភៅឱ្យបានច្រើន ដើម្បីទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗ សម្រាប់បង្កើនសមត្ថភាពក្នុងឱកាសការងារល្អៗនាពេលអនាគត។
ទិវាអំណានជាតិ ត្រូវបានប្រារព្វឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១១ ខែមីនា ដោយឡែកឆ្នាំ២០២១នេះ ជាទិវាអំណានជាតិលើកទី៦ ដែលបានប្រារព្វឡើង ដើម្បីលើកកម្ពស់ វប្បធម៌អាន បង្កើនទម្លាប់អានសៀវភៅនៅកម្ពុជា។
ទោះបីឆ្នាំនេះ ការប្រារព្វឡើងមិនដូចជារៀងរាល់ឆ្នាំ ប៉ុន្តែសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅតែចាត់ទុកពីសារសំខាន់នៃ ទិវានេះ និងបានចូលរួមអបអរសាទផងដែរ។
យុវជន សេង សំអូន អាយុ១៨ឆ្នា ជាសិស្សរៀនថ្នាក់ទី១២(B)វិទ្យាល័យតាអី ស្រុកប្រាសាទបាគង បានចូលរួមអបអរសាទរ ទិវាអំណានជាតិលើកទី១១ ដោយចាត់ទុកទិវានេះ ជាទិវាមួយដ៏ល្អ ក្នុងការរម្លឹកស្មារតីសិស្សានុសិស្ស ឬ ប្រជាពលរដ្ឋទូទៅ ឱ្យងាកមកផ្តល់តម្លៃ និងយល់ពីសារប្រយោជន៍នៃការអានសៀវភៅ។យុវជនរូបនេះបានសំណូមពរដល់យុវជនទាំងអស់ សូមបង្វែរពីការប្រើប្រាស់ទូរស័ព្ទដៃ មកជ្រើសរើសការអានសៀវភៅវិញ ដើម្បីចំណេះដឹងរបស់ខ្លួន ក្នុងការចូលរួម អភិវឌ្ឍមូលដ្ឋាន។
សំឡេង៖ទិវាអំណានជាតិជាទិវាមួយដែលល្អ ជាពិសេសសិស្សរៀនទាំងមធ្យមសិក្សាឬមូលដ្ឋានសិក្សា គាត់មានឱកាស អានច្រើន ដែលអាននេះមានផលប្រយោជន៍ច្រើនសម្រាប់គាត់ ដូចជាទទួលបានចំណេះដឹងទាំងវប្បធម៌ទូទៅ និងតាម សៀភៅគោល ហើយចំណេះដឹងទាំងនេះក៏ជាជំនួយរបស់គាត់អភិវឌ្ឍន៍ខ្លួននិងសង្គមជាតិទៅមុខទៀតបាន។ក្រៅពីទិវានេះ យើងមិនបាច់គិតថាថ្ងៃណាទេ ទោះជាថ្ងៃណាក៏ដោយមិនថាទិវាអំណានឬថ្ងៃផ្សេងៗទៀតក៏យើងអាចអានបានដូចគ្នា ដូច្នេះមិនបាច់ពង្រឹងតែថ្ងៃទី១១មីនានេះទេ យើងត្រូវពង្រឹងជារៀងរាល់ថ្ងៃកាន់តែប្រសើ។
ចំណែកអ្នកគ្រូ ប៊ុត ចំប៉ា បង្រៀននៅវិទ្យាល័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគងបានឱ្យដឹងថា ទិវាអំណាន ត្រូវបាន ប្រារព្វឡើងក្នុងស្មារតីបំផុសការអានសៀវភៅឱ្យបានច្រើន ដើម្បីទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗ។ បើប្រៀបធៀបការអានសៀវភៅរបស់សិស្សរស់នៅតាមទីក្រុង និងជនបទមានភាពខុសគ្នា ព្រោះថាសិស្សនៅតាមទីជនបទ មិនសូវមានបណ្ណាល័យ ឬកន្លែងអានសៀវភៅបានល្អឡើយ ដូច្នេះអ្នកគ្រូចង់ឱ្យស្ថាប័នពាក់ព័ន្ធនិងអង្គការសង្គមស៊ីវិលនានា ព្យាយាមលើកទឹកចិត្តដល់សិស្សតាំងពីកម្រិតមត្តេយ្យសិក្សាមក ដោយបង្កើតជាកន្លែងអានសៀវភៅតូចៗនៅតាមភូមិ និង តាមសហគមន៍។ អ្នកគ្រូបានសំណូមពរដល់សិស្សានុសិស្សឬប្រជាពលរដ្ឋទូទៅ សូមចំណាយពេលវេលាក្នុងការអានសៀវភៅ ឱ្យបាន១ភាគ៣ក្នុង១ថ្ងៃ ដើម្បីអភិវឌ្ឍន៍ចំណេះដឹងរបស់ខ្លួន ឱ្យបានច្រើន និងប្រើប្រាស់ចំណេះដឹងទាំងនោះមកអភិវឌ្ឍន៍ សង្គមជាតិ។
ខ្ញុំគិតថាវាល្អសម្រាប់សិស្ស ទីមួយអាចជួយជំរុញលើកទឹកចិត្ត ឱ្យបានយល់ច្បាស់អំពីឥទ្ធិពលនៃការអាន អត្ថប្រយោជន៍នៃការអាន ទីពីរគាត់អាចដឹងអំពីរឿងរ៉ាវជាច្រើន ដែលគេយកមកសសេរជាការស្រាវជ្រាវ ទាំងអត្ថបទរៀបរាប់ អំពីសង្គម ឬវិទ្យាសាស្ត្រផ្សេងៗ គាត់អាចដឹងបាន ជាពិសេសក្មេងនៅជនបទគាត់អត់សូវសម្បូរ អ៊ីនធឺណិត អ៊ីចឹងគាត់អាចយកសៀវភៅមកអានបាន អ៊ីចឹងទិវាអំណានអ៊ិនធឺណិត។
គួរជម្រាបផងដែរថា ស្ថិតក្នុងបរិបទកូវីដ-១៩ នៅឆ្នាំ២០២១នេះ ទិវាអំណានជាតិ១១មីនា ត្រូវបានប្រារព្វឡើងតាមអនឡាញ ដោយក្រសួងអប់រំយុវជននិងកីឡា បានរៀបចំទិវាជាតិអំណានលើកទី៦ នាឆ្នាំនេះ ភ្ជាប់និងសប្តាហ៍សៀវភៅ ក្រោមប្រធានបទ អំណានក្នុងបរិបទកូវីដ-១៩ ក្នុងទិសដៅលើកកម្ពស់និងជំរុញការអានសៀវភៅនៅកម្ពុជា ឱ្យកាន់តែមានសន្ទុះខ្លាំងឡើង៕
ប្រភព៖ ក្រសួងព័ត៌មាន