អភិបាលខេត្តកណ្តាល ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ និងអ្នកធ្វើចត្តាឡីស័ក នៅវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង

382

នៅថ្ងៃ១៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងក្រុមការងារជំនាញពាក់ព័ន្ធ បានចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ កងកម្លាំងគ្រប់ប្រភេទកំពុងប្រចាំការ នៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង និង មណ្ឌលចត្តាឡីស័ក អនុវិទ្យាល័យកោះរះលើ នៅស្រុកល្វាឯម ខេត្តកណ្ដាល។

 

ក្នុងឱកាសនេះ ឯកឧត្តម  គង់ សោភ័ណ្ឌ បានផ្តល់ការណែនាំដល់គណៈបញ្ជាការឯកភាពស្រុក ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ និង ដឹកនាំការងារអនុវត្តន៍ឱ្យបានហ្មត់ចត់បំផុតដោយសហការជាមួយជំនាញពាក់ព័ន្ធ ។ ជាពិសេសមន្ត្រីជំនាញសុខាភិបាល ដើម្បីគ្រប់គ្រងលើទីតាំងដែលមានការសង្ស័យ និងកំណត់មុខសញ្ញាស្រាវជ្រាវ ស្វែងរកអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ ដោយប្រយោល យកសំណាកធ្វើតេស្តរកមេរោគ និងដាក់ឱ្យធ្វើចត្តាឡីស័កបានត្រឹមត្រូវហ្មត់ចត់ សំដៅទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍។

 

ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា យើងត្រូវបន្តចូលរួមសហការ គោរពអនុវត្តន៍ និង ផ្សព្វផ្សាយបន្តអំពីគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ និង ៣កុំ ឱ្យមានប្រសិទ្ធភាព៕

ប្រភព៖ ក្រសួងព័ត៌មាន