(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា «ពេលនេះមិនមែនជាពេលរើសអើង ហើយពេលនេះ ក៏មិនមែនជាពេលទម្លាក់កំហុស។ផ្ទុយទៅវិញ ពេលនេះ គឺជាពេលដែលយើងត្រូវរួបរួម ចូលរួម និងលើកទឹកចិត្ត»។
ឯកឧត្តម ប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភា បានបន្តថាជាងនេះទៅទៀត ពេលនេះ ជាពេលដែលត្រូវក្លាហាន ទាំងអស់គ្នា ក្នុងការចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានណែនាំនានាពីអាជ្ញាធរមានសមត្ថកិច្ច។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានជូនពរដល់ជនរួមជាតិទាំងអស់ ឲ្យជួបប្រទះតែសេចក្តីសុខ និងមាននូវសុខភាពល្អ និងសូមជូនពរ ជាពិសេស ដល់លោកតា លោកយាយ មីងមា បងប្អូន ដែលកំពុងស្ថិតក្នុងដំណាក់កាលនៃការព្យាបាលជំងឺកូវីដ១៩នេះឲ្យឆាប់បានជាសះស្បើយកុំបីខាន៕
ប្រភព៖ ក្រសួងព័ត៌មាន