នៅព្រឹកថ្ងៃ១៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ លោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា បាននាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យ និងក្រុមការងារនៅមណ្ឌលចត្តាឡីស័ក សាលាគរុកោសស្យ និងវិក្រឹតការខេត្តសៀមរាប ដែលកំពុងមមាញឹកក្នុងការទទួលពិនិត្យតាមដានសុខភាពប្រជាពលករ ដែលវិលត្រឡប់មកពីប្រទេសក្រៅវិញ ហើយត្រូវធ្វើចត្តាលីស័កនៅទីនោះ។  អំណោយដែលបានឧបត្ថម្ភនាពេលនោះរួមមាន៖ ទឹកបរិសុទ្ធ៥០កេស មី៣០កេស ទឹកផ្លែឈើ១០កេស។

 

នាឱកាសនោះ លោក គុជ លីណា បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមគ្រូពេទ្យ និងក្រុមការងារប្រចាំការនៅទីនោះ ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាមិនថាយប់ មិនថាថ្ងៃ ខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ ដែលនេះជាកិច្ចការសំខាន់មួយ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលកាន់តែធំទៅៗ។

 

លោក គុជ លីណា បានបន្ថែមថា អំណោយដែលឧបត្ថម្ភនាពេលនេះ ទោះបីមានចំនួនតិចតួចក្ដីតែនេះជាការចូលរួម ក៏ដូចជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ និងក្រុមការងារដែលកំពុងបំពេញភារកិច្ចដ៏សកម្មនៅទីនេះ ដើម្បីឈានទៅគ្រប់គ្រងបានជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន