ខេត្តព្រះសីហនុ៖ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ មានករណីរថយន្តចំនួន០២គ្រឿង ក្នុងនោះរថយន្តដឹកទំនិញ ចំនួន០១គ្រឿង និងរថយន្តតាក់ស៊ី ចំនួន០១ គ្រឿង មានគោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ ដោយបានបើកវាងទៅតាមផ្លូវ ល្បឿនលឿនគេចពីគោលដៅត្រួតពិនិត្យចត្តាឡីស័ក ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាព ស្រុកកំពង់សីលាឃាត់សួរនាំ និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។ លោកបន្តថាយោងតាមរបាយការណ៍សមត្ថកិច្ចស្រុកកំពង់សីលា នៅថ្ងៃបានឱ្យដឹងថា អ្នកបើកបររថយន្តទាំងពីរនោះ គឺ ១.ឈ្មោះ ប្រាក់ សីហា ភេទប្រុស អាយុ ២៦ឆ្នាំ បើកបររថយន្តដឹកទំនិញ០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 3A-1571 គោលដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ មកដល់ចំណុចចម្ការដូងប្រេង ត្រូវបានមនុស្សប្រុស ០៣ នាក់(ជនជាតិខ្មែរ) ឃាត់រថយន្តជិះ ដោយសារម៉ូតូរបស់ពួកគេបែកកង់ជិះមិនកើត ហើយក៏បន្តដំណើរទៅមុខទៀតតាមបណ្ដោយផ្លូវជាតិលេខ៤ មកដល់ចំណុចគោលដៅត្រួតពិនិត្យចត្តាឡីស័ក រថយន្តដឹកទំនិញនោះបានបើកបរវាងតាមផ្លូវល្បឿនលឿន ក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ទុកដើម្បីធ្វើការសួរនាំ ដោយឡែកអ្នករួមដំណើរត្រូវបានសមត្ថកិច្ចឱ្យត្រឡប់ក្រោយវិញ។ ២.ឈ្មោះ សាម ស្រ៊ុន ភេទប្រុស អាយុ ៥៦ ឆ្នាំ បើកបររថយន្ត ០១ គ្រឿង ម៉ាក High Lander ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J-7577 គោលដៅពីខេត្តព្រះសីហនុទៅភ្នំពេញ ដឹកអ្នកដំណើរចំនួន ០៣ នាក់ប្រុស(ជនជាតិខ្មែរ) មកដល់ចំណុចគោលដៅត្រួតពិនិត្យចត្តាឡីស័ក សមត្ថកិច្ចបានឃាត់រថយន្តគាត់ ដោយឱ្យត្រឡប់ក្រោយវិញ ពេលនោះអ្នកបើកបររូបនេះ បានដាក់អ្នកដំណើរចុះ ហើយបានបន្តដំណើរបើករថយន្តតែម្នាក់ឯង ក្នុងគោលបំណងជិះវាងតាមផ្លូវល្បឿនលឿនឆ្ពោះទៅភ្នំពេញ តែត្រូវបានសមត្ថកិច្ចឃើញ និងឃាត់ខ្លួនរួមទាំងរថយន្តមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីសាកសួរបន្ត។
លោក ឃាង ភារម្យ បានឱ្យដឹងទៀតថា រថយន្ដទាំង០២ខាងលើនេះ ត្រូវបានឃាត់រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។ ចំពោះជន ដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរខេត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ឱ្យបានទាំងអស់គ្នា ៕
ប្រភព៖ ក្រសួងព័ត៌មាន