សៀមរាប៖ លោកលី ប៊ុនណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ដសៀមរាប បានមានប្រសាសន៍ថា ដោយសារតែមានបងប្អូនពលករខ្មែរមកពីប្រទេសថៃកាន់តែមានច្រើននោះ បានធ្វើឲ្យសាលារៀនសម្រាប់ធ្វើចត្ដាឡីស័ក ដែលបានត្រៀមពីពេលមុននោះមិនគ្រប់គ្រាន់ក្នុងការធ្វើចត្ដាឡីស័កឡើយ ហេតុនេះអាជ្ញាធរខេត្ដសៀមរាប សម្រេចបន្ថែមសាលារៀនចំនួន១៦ថែមទៀត សម្រាប់ធ្វើជាកន្លែងធ្វើចត្ដាឡីស័ក ដែលសរុបទាំងអស់នៅទូទាំងខេត្ដសៀមរាប មានប្រមាណជិត២០សាលារៀនហើយ ដើម្បីជួយសម្រួលដល់ពលករដែលបានដឹកមកពីកន្លែងចត្ដាឡីស័កនៅតាមព្រំដែនខ្មែរ ថៃ តាមការប្រកាសរបស់រាជរដ្ឋាភិបាល ដែលតម្រូវអោយពលរដ្ឋមកធ្វើចត្ដាឡីស័កនៅក្នុងមូលដ្ឋាន ដែលពួកគាត់រស់នៅ។ ចំណែកឯការសិក្សារបស់សិស្សវិញ ត្រូវបានផ្ទេរទៅឲ្យសិក្សានៅសាលារៀនក្បែៗនោះ ដោយត្រូវសិក្សាមានបីពេលក្នុងមួយសប្ដាហ៍ ។

បើតាមប្រសាសន៍របស់លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានឲ្យដឹងថា អាជ្ញាធរខេត្ដ បានទទួលពលរដ្ឋដែលធ្វើចំណាកស្រុកមកពីថៃថ្មីៗ និងពលករដែលបានធ្វើចត្ដាឡីស័កនៅខេត្តតាមព្រំដែនខ្មែរ ថៃ ដូចជាខេត្ដបន្ទាយមានជ័យ , ខេត្តបាត់ដំបង, ខេត្ដប៉ៃលិន និងខេត្ដឧត្ដរមានជ័យ មានប្រមាណជាង ៨រយនាក់ហើយ ក្នុងចំណោមពលករប្រមាណ២ពាន់ដែលបានធ្វើចត្ដាឡីស័កនៅតាមព្រំដែនកម្ពុជាថៃ នៃខេត្ដទាំងនោះ ដោយគិតចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ ហើយពលករដែលផ្ទេរចេញពីកន្លែងចត្ដាឡីស័កតាមព្រំដែននេះ ភាគច្រើបានធ្វើតេសលើកទី២រួចហើយ ហើយដឹកមកដល់ខេត្ដសៀមរាប នឹងត្រូវពិនិត្យសុខភាពម្ដងទៀត ទើបបញ្ជូនពួកគាត់ទៅតាមបណ្ដាស្រុកមូលដ្ឋានដែលពួកគាត់រស់នៅ ។

សូមជម្រាបថា ការដឹកជញ្ជូនពលករចេញពីកន្លែងចត្ដាឡីស័កពីបណ្តាខេត្ដនៅតាមព្រំដែនខ្មែរ-ថៃ ទៅកាន់ខេត្ដសាមីនេះ ធ្វើឡើងតាមប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានសម្រេចបិទការធ្វើចត្តាឡីស័កនៅតាមព្រំដែន សម្រាប់អ្នកដែលមានសុខភាពធម្មតា ៕

ប្រភព៖ ក្រសួងព័ត៌មាន