ខេត្តព្រះវិហារ៖ ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកគូលែន ឯកឧត្តម សួសសុខ ដារ៉ា តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ បានដឹកនាំមន្ត្រីបក្សគ្រប់លំដាប់ថ្នាក់នៅក្នុង មូលដ្ឋាន បើកការបញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាមួយខ្នង ដែលគ្រោងនឹងចំណាយ ថវិកាប្រមាណជាង ២ម៉ឺនដុល្លារ សម្រាប់បម្រើដល់វិស័យនយោបាយ នៅក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ពិធីបញ្ចុះបឋមសិលានោះ បានធ្វើឡើងកាលពីល្ងាច ថ្ងៃទី១១ មីនា ឆ្នាំ២០២១។

ឯកឧត្តម សួស សុខដារ៉ា ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកគូលែន បានមានប្រសាសន៍ថា អគារស្នាក់ការគណបក្ស ប្រជាជនកម្ពុជាមួយខ្នង ដែលកំពុងដាក់ឲ្យដំណើរការសាងសង់នេះ មានទំហំទទឹង ៧ម៉ែត្រ និងបណ្តោយ៩ម៉ែត្រ សាងសង់អំពី បេតុង ដំបូលប្រក់ក្បឿង ដោយមានបំពាក់សម្ភារការិយាល័យ សាងសង់ក្លោងទ្វារ និងរបងព័ទ្ធជុំវិញផង ។

ឯកឧត្តមសួស សុខដារ៉ា បានមានប្រសាសន៍ទៀតថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា មួយខ្នងនេះ បានមកពីការ ចំណាយថវិការបស់ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា និងមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំ និងសប្បុរសជនជាច្រើនទៀតផង។ លោកប្រធានក្រុមការងារថ្នាក់ខេត្ត បានបន្តទៀតថា ក្នុងនាមឯកឧត្តមទេស រដ្ឋមន្ត្រី មាស សុភា និងឯកឧត្តមប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ លោកសូម សម្តែងនូវសមានចិត្តអរគុណ ចំពោះថ្នាក់ដឹកនាំបក្សប្រជាជន គ្រប់លំដាប់ថ្នាក់នៅក្នុងស្រុកគូលែន ដែលកន្លងមកបានខិតខំ ប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុបក្ស និងធ្វើឲ្យបក្សប្រជាជនកម្ពុជានៅក្នុងមូលដ្ឋាន ឈ្នះលើការបោះឆ្នោត លើបក្សផ្សេងៗទៀត ។

ឯកឧត្តមសួស សុខដារ៉ា បានក្រើនរំលឹកដល់មន្ត្រីបក្សទាំងអស់ ត្រូវខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ត្រូវចេះជួយយក អាសា និងដោះទុក្ខធុរៈប្រជាជនឲ្យបានទាន់ពេលវេលា ត្រូវខិតខំបំពេញការងារបន្ថែមទៀត ដើម្បីគណបក្សប្រជាជនកម្ពុជា ឈានទៅដណ្តើមជោគជ័យក្នុងការបោះឆ្នោត នៅអាណត្តិក្រោយៗទៀត ព្រោះថា បក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រី និងជាប្រធានបក្សប្រជាជនកម្ពុជា គឺមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេស រក្សាការពារបាននូវសុខ សន្តិភាព ដែលយើងគ្រប់គ្នាទទួលបានមកដោយកម្រ ដូច្នេះយើងត្រូវការពារសន្តិភាពនេះ ឲ្យបានជានិរន្តន៍៕

ប្រភព៖ ក្រសួងព័ត៌មាន