ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បានបញ្ជាក់ថាចំពោះទីតាំងដែលបានផ្អាកការរៀន និងបង្រៀនបណ្តោះអាសន្ន គណៈគ្រប់គ្រងសាលារៀនត្រូវបន្តអនុវត្តន៍ការរៀននិងបង្រៀនតាមអនឡាញ ដើម្បីជាជំនួយក្នុងការជួយពង្រឹងសមត្ថភាព របស់សិស្សានុសិស្ស ឱ្យស្របនឹងការអប់រំបែបឌីជីថល ដែលស្ថិតក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំឆ្នាំ២០១៩-២០២៣។ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យ ក្រសួង អប់រំ យុវជន និង កីឡា បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់សិស្សានុសិស្ស និងបុគ្គលិកអប់រំ គ្រប់លំដាប់ថ្នាក់ ក្រសួងអប់រំបានសម្រេចផ្អាកសាលារៀនមួយចំនួន ជាបណ្តោះអាសន្ននៅរាជធានីភ្នំពេញ, កណ្តាល, ក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ និង ខេត្តព្រៃវែង។
ឯកឧត្តមបានឱ្យដឹងទៀតថា ចំពោះមុខ ក្រសួងអប់រំ បន្តតាមដាន និងវាយតម្លៃស្ថានការណ៍ជាក់ស្តែងនៃជំងឺកូវីដ-១៩ ប្រកបដោយការយកចិត្តទុកដាក់កម្រិតខ្ពស់បំផុត ស្របនឹងកិច្ចសហការជាមួយក្រសួងសុខាភិបាល អាជ្ញាធររាជធានី-ខេត្ត និងភាគីពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាពកុំឱ្យជំងឺដ៏កាចសាហាវនេះឆ្លងចូលក្នុងសាលារៀន និងសហគមន៍។ ឯកឧត្តម រស់ សុវាចា បានបន្ថែមថាក្នុងបរិបទកូវីដ-១៩ ក្រសួងអប់រំបានផ្អាកសាលារៀនមួយចំនួនជាបណ្ដោះអាសន្ន រយៈពេលខ្លីនេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងបង្វែទៅជាឱកាសក្នុងការពង្រឹងការអប់រំ បែបឌីជីថល។
“ក្នុងបរិបទកូវីដ-១៩ គោលបំណងធំ២សម្រាប់ការសិក្សាគឺ ឱ្យមានការរៀនសូត្រជាបន្ត និងចូលរួមជាមួយ រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង ទប់ស្កាត់ និងបង្ការការរីករាលដាលនៃជម្ងឺកូវីដ-១៩។ -កូវីដ-១៩ មានផលជះលើវិស័យអប់រំ និងវិស័យផ្សេងៗក្នុងពិភពលោក។ ក្រសួងអប់រំ យុវជន និងកីឡា បង្វែបញ្ហា ប្រឈមដោយសារកូវីដ-១៩ ឱ្យក្លាយជាឱកាសពង្រឹងការអប់រំបែបឌីជីថល ដែលស្ថិតក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ ឆ្នាំ២០១៩-២០២៣”។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ជារួម អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ បានចាត់ចែងអនុវត្តន៍ វិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន៕
ប្រភព៖ ក្រសួងព័ត៌មាន