ឯកឧត្ដម​ ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធាន​ទី​១​ អាជ្ញាធរ​មីន និងជាប្រធានក្រុមការងារ​រាជរដ្ឋាភិ​បាលចុះមូល​ដ្ឋានស្រុករំដួល​ខេត្ដស្វាយរៀង​បានចុះ​សួរ​សុខទុក្ខ​បងប្អូន​កម្មករ​កម្មការិនី​រោងចក្រ​ ដែល​បានជួប​​ឧប្បត្តិហេតុ​គ្រោះ​ថ្នាក់​ក្រឡាប់​រថយន្ត​ឈ្នួល​នៅ​ក្រុង​បាវិត​​និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ប្រតិបត្តិ​ជីភូ​ ក្នុងខេត្ដស្វាយរៀង នា​ព្រឹក​ថ្ងៃទី​១២​ ខែ​មីនា​ ឆ្នាំ​២០២១​។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម​ ទេសរដ្ឋមន្រ្តី​ លី​ ធុជ។

​ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ បាន​ពាំនាំ​សេចក្ដី​សាក​សួរ​សុខទុក្ខ​​ពី​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ម៉ែន​ សំអន​ប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង​ជូន​ចំពោះ​បងប្អូន​កម្មករ​ កម្មការិនី​ ក៏​ដូច​ជា​អ្នក​ជំងឺ​ដទៃទៀត​​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ស្រុក​ប្រតិបត្តិ​ជីភូ​។ ឯកឧត្ដម​ ទេសរដ្ឋមន្រ្តីបានសម្ដែងនូវការ​សោកស្ដាយ​ចំពោះ​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​នេះ​ ដែល​បង្ក​​ឱ្យ​បងប្អូន​កម្មករ​កម្មការិនី​​រង​របួស​ ខាតបង់​ទាំង​ពេល​វេលា​ និង​ថវិកា​ដោយ​សារ​ការ​ធ្វេសប្រហែស​បន្តិច​បន្តួច​នេះ​ និង​សូម​​ជូន​ពរ​ឱ្យ​បង​ប្អូន​កម្មករ​ទាំង​អស់​ឆាប់​ជាសះស្បើយ​។

ជាមួយ​គ្នានេះ​ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ក៏​បាន​ស្នើ​សុំឱ្យ​លោក​គ្រូ​-អ្នក​គ្រូ​ពេទ្យ​យក​ចិត្ត​ទុកដាក់​ពិនិត្យ​ និង​ព្យាបាល​ជំងឺជូន​បង​ប្អូនយើង​ ឱ្យ​ឆាប់​ជាសះស្បើយ​និងបាន​វិល​ត្រឡប់​ទៅ​ផ្ទះ​ ហើយ​ចូល​បំពេញ​ការងារ​វិញ។​ ឯកឧត្ដម​ ទេសរដ្ឋមន្រ្តី​​បាន​ចាត់​ទុក​បង​ប្អូន​កម្មករ​ទាំង​អស់​ ជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​ ផង​ដែរ​។ ឯកឧត្ដម​ ទេសរដ្ឋមន្រ្តី​ លី​ ធុជ ​ក៏​បាន​ឧបត្ថម្ភ​ជែល​លាងដៃ​ជូន​មន្ទីរពេទ្យ​ស្រុក​ប្រតិបត្តិ​ជីភូ​និង​ថវិកា​មួយ​ចំនួន​ជូន​ដល់​កម្មករ​ កម្មការិនី​ដែល​រង​របួស​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​។

សូមបញ្ជាក់ផងដែរថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​មីនា​ ឆ្នាំ​២០២១​វេលា​ម៉ោង ៦៖ ២០ នាទី​ មាន​ករណីគ្រោះថ្នាក់​ចរាចរណ៍​ ស្ថិតក្នុងភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្ត​ស្វាយរៀង បានក្រឡាប់ធ្លាក់កម្មករ បណ្តាលឱ្យរងរបួស ៥៣នាក់​ រងរបួសធ្ងន់ ០៧នាក់​។​បច្ចុប្បន្នអ្នករងរបួសស្រាលកំពុងសម្រាកព្យាបាលមន្ទីរពេទ្យជីភូ ចំនួន ៣៦នាក់ នៅមន្ទីរ​ពេទ្យ​ពន្លឺ​បូព៌ា​បាវិត ១០នាក់​ និងអ្នករងរបួសធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ០៧ នាក់៕

ប្រភព៖ ក្រសួងព័ត៌មាន