ក្នុង​នាមលោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន​ សំអន​ រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង​​​ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធាន​ទី​១​ អាជ្ញាធរ​មីន និងជាប្រធានក្រុមការងាររាជ​រដ្ឋា​ភិបាល​​ចុះមូល​ដ្ឋានស្រុករំដួល ខេត្ដស្វាយរៀង​បាន​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ក្រុម​គ្រូពេទ្យ​ កង​កម្លាំង​ប្រដាប់​អាវុធ​និង​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​ក្រុង​បាវិត​ ដែលបាននាំយក​សម្ភារប្រើ​ប្រាស់ ព្រម​ទាំងថវិកាមួយចំនួន ដើម្បីប្រគល់ជូន​ក្រុមគ្រូពេទ្យនៅទីនោះ។ នេះបើ​តាមការ​លើក​ឡើង​របស់​ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ តាមរយៈហ្វេសប៊ុកផ្លូវការ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។

ឯកឧត្ដម​ ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ បានវាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែងទាំង​កម្លាំង​កាយ​កម្លាំង​ចិត្ត​ ​របស់​ក្រុម​គ្រូពេទ្យ​ ដែល​បាន​យក​ចិត្ត​ទុកដាក់​ពិនិត្យ​និង​ព្យាបាល​ជំងឺ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ជា​ពិសេស​ការ​ចំណាយ​ពេលវេលា​ទាំង​យប់​ ទាំង​ថ្ងៃ​ក្នុង​ការងារ​ធ្វើ​ចត្តាឡីស័ក​និង​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូវីដ​-​១៩ ដែល​កំពុង​រីក​រាលដាល​យ៉ាង​ខ្លាំង​ គួរ​ឱ្យព្រួយ​បារម្ភ​នៅ​កម្ពុជា​យើង​នេះ​។ ឯកឧត្ដម​ ទេសរដ្ឋមន្រ្តីបាន​​ចាត់​ទុក​ក្រុម​គ្រូពេទ្យ​ ជា​កង​ទ័ព​ជួរ​មុខ​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​កូវីដ​-១៩​ នៅ​កម្ពុជា​។

​​ឯកឧត្ដម​ ទេសរដ្ឋមន្រ្តីក៏បានអំពាវ​នាវឱ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវ​​បន្តចូលរួម​​អនុវត្តន៍​តាម​អនុសាសន៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​​នូវ​វិធានការ​ «៣ការពារ ៣កុំ» ឱ្យបានល្អប្រសើរ ចៀសវាងការឆ្លងពីជំងឺកូវីដ-១៩។

ជាមួយ​គ្នា​នេះ​ ​ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ បាន​នាំ​យក​មក​នូវ​សម្ភារ​ប្រើ​ប្រាស់​និង​ថវិកា​មួយ​ចំនួន​ ប្រគល់​ជូន​ក្រុម​គ្រូពេទ្យ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​​ដើម្បី​សម្រួល​ដល់​ការ​រៀបចំ​និង​គ្រប់គ្រង​ក្នុង​ការ​ធ្វើ​ចត្តាឡីស័ក​នៅ​មូលដ្ឋាន​ក្រុង​បាវិត​ខេត្ដស្វាយរៀង៕

ប្រភព៖ ក្រសួងព័ត៌មាន