ឯកឧត្តម ចេវ គឹម ហេង និងឯកឧត្តម នេន ម៉ាល័យ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ និងសាំងឧបត្តម្ភជូនកងកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ខេត្ដព្រះសីហនុ ទំាងពីរគោលដៅដែលប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កនៃជំងឺកូវីដ-១៩ ដើម្បីលើកទឹកចិត្ដដល់រដ្ឋបាលស្រុក និងកងកម្លាំងការពារទាំងពីរគោលដៅ។ ការនាំយកអំណោយនេះ ធ្វើឡើង នាព្រឹកថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ។

លោក សៅ បុរីវឌ្ឍន: អភិបាលស្រុកកំពង់សីលា និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកកំពង់សីលា ខេត្ដព្រះសីហនុបានថ្លែងអំណរគុណចំពោះឯកឧត្តមអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ ដែលបានយកចិត្តទុកដាក់ចែករំលែកនូវគ្រឿងឧបភោគ បរិភោគ និងសាំង ដើម្បីឱ្យការងារប៉ុស្តិ៍ត្រួតពិនិត្យនៅស្រុកកំពង់សីលាក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា សម្ភារដែលបាននាំយកឧបត្ថម្ភ ដល់គោលដៅប្រចាំការប៉ុស្តិ៍ត្រួតពិនិត្យនៅស្រុកកំពង់សិលានេះ រួមមាន ទឹកផ្លែឈើចំនួន ២០កេស មី ១កេសធំ និង១៤កេសតូច ទឹកសុទ្ធចំនួន ២១កេស សា៓ងចំនួន ៣០០លីត្រផងដែរ៕

ប្រភព៖​ ក្រសួងព័ត៌មាន