(កំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំនា ព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២១ បានដាក់ បទ បញ្ជាយ៉ាងម៉ឹងម៉ាត់បំផុត ដល់គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង-ស្រុក ត្រូវបន្តបង្កើនការ យកចិត្តទុកដាក់ ដោយណែនាំដល់សាធារណជន ដែលមានបំណង ចង់រៀបចំពិធីបុណ្យនានាដែលមិនចាំបាច់ ដូចជាបុណ្យផ្កា បុណ្យបច្ច័យបួន បុណ្យទក្ខិណានុប្បទាន ជាដើម សូមផ្អាកបណ្ដោះអាសន្ន លើកលែងចំពោះ ពិធីបុណ្យ ចាំបាច់ ដូចជា បុណ្យសព បុណ្យគំរប់ខួប ៧ថ្ងៃ ១០០ថ្ងៃ ពិធីរៀបអាពាហ៍ពិពាហ៍ ដាច់ខាតត្រូវតែណែនាំដល់ ម្ចាស់ កម្មវិធី ធ្វើយ៉ាងម៉េចត្រូវកាត់បន្ថយអ្នកចូលរួម ក្នុងមួយតុគឺមានអ្នកចូលរួមតែ ៥នាក់ប៉ុណ្ណោះ ហើយអ្នកចូលរួម ទាំងអស់ ត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពចាប់ពី មួយម៉ែត្រកន្លះឡើងទៅ ត្រូវមានទឹកអាកុលឬជែល សម្រាប់ លាងដៃជានិច្ច។

ការលើកឡើងនេះ ត្រូវបានឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងនៅក្នុងពិធី ចុះជួបសំណេះសំណាល ជាមួយនឹងបងប្អូនពលករដែលទើបវិលត្រឡប់មកពីក្រៅប្រទេស នៅមណ្ឌលចត្តាឡីស័ក ស្រុកប្រាសាទបល័្លង្ក និងស្រុកប្រាសាទសំបូរ សរុបប្រមាណជាង ១៣៤នាក់ នាថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២១។

ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ កំពុងស្ថិតនៅក្នុង ស្ថាន ភាព មួយដែលគួរឲ្យព្រួយបារម្ភ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅតែបន្តរកឃើញជាបន្តបន្ទាប់ ពីមួយថ្ងៃទៅ មួយថ្ងៃ ។ ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្ត នូវវិធានការការពារ ជំងឺកូវីដ-១៩ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ដើម្បីរួមគ្នា ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។ ម្យ៉ាងវិញទៀត មិនត្រូវមានលក្ខណៈ ប្រមូល ផ្តុំមនុស្សច្រើន ចាក់ធុងបាសរាំលេងកំសាន្ត ជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន